ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ដរាបណាប្រជាពលរដ្ឋ ផ្ដល់សេចក្ដីទុកចិត្តឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងការបន្ដបម្រើប្រជាពលរដ្ឋនោះ គណបក្ស នឹងខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្កើននូវសមិទ្ធផលបន្ថែមទៀតជូនពលរដ្ឋ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាចិត្តខិតខំធ្វើការអភិវឌ្ឍប្រទេសជាតិ ឆ្លើយតបទៅនឹងការផ្ដល់ទំនុកចិត្ត ពីសំណាក់ប្រជាជន តាមរយៈការបោះឆ្នោតជូនគណបក្សនេះឲ្យ ដឹកនាំប្រទេសបន្តទៀត។

សម្ដេចធិបតី គូសបញ្ជាក់ថា «ក្នុងនាម សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេច ថ្នាក់ដឹកនាំ ឯកឧត្តម-លោកជំទាវ ក៏សូមអរគុណ និងសូមផ្ដាំផ្ញើបញ្ជាក់ជូនប្រជាពលរដ្ឋទាំងអស់ ទាំងបងប្អូនកម្មករ-កម្មការិនី នៅទីនេះ ក៏ដូចជា នៅផ្ទះ ដរាបណាបងប្អូនផ្ដល់នូវការទុកចិត្តឲ្យគណបក្សប្រជាជនកម្ពុជា បន្ដក្នុងការបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្កើននូវសមិទ្ធផលបន្ថែមជូនបងប្អូនទាំងអស់»។

សម្ដេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋ បន្ដថែរក្សាឲ្យបានសុខសន្ដិភាព និងបង្កើតឱកាសលទ្ធភាពផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែរីកចម្រើន កាន់តែមានភាពរឹងមាំ នៅក្នុងគ្រួសារ និងផ្ទាល់ខ្លួន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ