កោះកុង ៖ សមត្ថកិច្ចខេត្តកោះកុង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាប់ឃាត់ខ្លួនបុរសដែលបានវាយសម្លាប់សត្វឈ្លូស ដែលព្យាយាមហែលទឹកឡើងគោកបានហើយ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

នៅលើគណនីហ្វេសប៊ុករបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាល្ងាចថ្ងៃទី១ វិច្ឆិកា នេះ បានសរសរថា  «មុខសញ្ញាសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ»។

បើតាមសំណេររបស់ លោកស្រីអភិបាលខេត្តកោះកុង ថា ជនសង្ស័យឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរ សន្តិសុខ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

តាមរយៈសំណេរដដែល លោកស្រីអភិបាលខេត្តកោះកុង ក៏បានអរគុណសមត្ថកិច្ច ក្នុងន័យដើមថា «នាងខ្ញុំសូមកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី»។

ជាក់ស្ដែង នៅមុនការចាប់ខ្លួនបុរសជនសង្ស័យខាងលើ ពោលគឺកាលពីថ្ងៃទី៣១ ខែតុលា ម្សិលមិញ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ក៏បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេចរូបនេះផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ