សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍នាវា Westerdam មកកាន់កម្ពុជា ជាថ្មីម្តងទៀត ដោយនាំអ្នកទេសចរជិត ២ពាន់នាក់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាជាថ្មីម្តងទៀត ដោយនាំអ្នកទេសចរមក ចំនួន ១៨៧៣នាក់។
តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៥ មករា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សូមស្វាគមន៍ នាវាទេសចរណ៍Westerdam មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀតដោយនាំអ្នកទេសចរមកចំនួន ១៨៧៣នាក់ ។ អរគុណដល់នាវាទេសចរណ៍ Westerdam ដែលតែងចងចាំ និងនឹករឭកកម្ពុជា ព្រមទាំងពាំនាំអ្នកទេសចរ មកកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលកំពុងសុខសាន្តក្នុងសុខសន្តិភាព»។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ។
អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំប្រទេសតូចតែបេះដូងធំ កម្ពុជាមិនភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ប្រទេសកម្ពុជា បានសម្រេចឲ្យចូលចត ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ