សមត្ថកិច្ច បង្ក្រាបទីតាំងនាំចូលកែច្នៃវេចខ្ចប់ប្រេងរំអិលខុសច្បាប់ ជាច្រើនប្រភេទជិត ៤០តោន នៅខណ្ឌព្រែកព្នៅ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ ក.ប.ប និងកម្លាំងនគរបាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះបង្ក្រាបទីតាំងសង្ស័យនាំចូលកែច្នៃវេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទ នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការឆ្មក់បង្ក្រាបទីតាំងនេះបានធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយពីការស្ទាក់ឃាត់នូវរថយន្ត ១គ្រឿង ដែលបានដឹកប្រេងរំអិលសង្ស័យខុសច្បាប់ចេញពីទីតាំងខាងលើសមត្ថកិច្ចចម្រុះក៏បានបន្តចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញនូវសម្ភារបម្រើឱ្យការងារវេចខ្ចប់ និងប្រេងរំអិលសង្ស័យថាខុសច្បាប់ជាច្រើនប្រភេទជិត ៤០តោន។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ច ធ្វើការដកហូតសម្ភារសង្ស័យទាំងអស់ យករក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារមួយកន្លែង នៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត។ ក្នុងប្រតិបត្តិការនេះ ម្ចាស់ទីតាំងមិនបានចូលខ្លួនមកសហការឡើយ ដោយឱ្យត្រឹមអ្នកតំណាងចូលរួមតែប៉ុណ្ណោះ ដូចនេះសមត្ថកិច្ចក៏តម្រូវឲ្យអ្នកតំណាងរូបនោះ និងអ្នកបើកបររថយន្តចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្ក្រាបទីតាំងស្តុកប្រេងរំអិលខុសច្បាប់ជាលើកទីពីរហើយ ក្នុងរយៈពេល៣ខែចុងក្រោយនេះ បន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលជាច្រើនខែមក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ