ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើជប៉ុន ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយអំពីភាពវិជ្ជមានលើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗ របស់កម្ពុជា ជូនទៅកាន់វិនិយោគិនជប៉ុន។


នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដឹកនាំកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន រួមជាមួយ លោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងនូវអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។


លោកឧបនាយករដ្ឋមន្ត្រី បន្ដថា នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការផ្តល់នូវសេចក្តីទុកចិត្តពីសំណាក់វិនិយោគិនបរទេស និយាយជារួម និយាយដោយឡែកវិនិយោគិនជប៉ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការច្បាមយកកាលានុវត្តភាពជាអតិបរមាពីកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បរិស្ថានវិនិយោគដែលមានភាពអនុគ្រោះ និងរបបវិនិយោគដែលបើកចំហអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែង។


លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ស្នើសុំឲ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិននានា និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយអំពីភាពវិជ្ជមានលើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗរបស់កម្ពុជា ពន្យល់ជូនទៅកាន់វិនិយោគិនដែលមានសក្តានុពលក្នុងប្រទេសជប៉ុន»។


នាឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ