កងទ័ពមួកខៀវ ចំនួន ៥៣នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី
ភ្នំពេញ ៖ កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន៥៣នាក់ នៅថ្ងៃទ២៧ ខែតុលា ឆ្នាំ២០២៣ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។
ពិធីនេះមានការទទួលស្វាគមន៍ពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអនុព័ន្ធយោធាប្រទេសជាមិត្តមួយចំនួនទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងស្នាដៃដ៏ត្រចេះត្រចង់របស់កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌សម្រាប់មនុស្សជាតិលើពិភពលោក។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូរហូតបិទបញ្ចប់សង្គ្រាមស៉ីវិល ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព។
គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ក្នុងនោះនារីចំនួន៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០មានជាអាទិ៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោ លើជំនាញសំខាន់ៗ ដូចជាបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុ ជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ