ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រើប្រាស់ សេវាសាធារណៈរបស់ក្រសួងនៅតាមបណ្ដាទីតាំងផ្តល់សេវាដែលបានកំណត់ ចៀសវាងដាច់ខាតការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ទាំងថវិកា ពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច។ នេះបើយោងតាមការឱ្យដឹងពីក្រសួងសាធារណការនារសៀលថ្ងៃទី១៨  ខែតុលា ឆ្នាំ២០២៣។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់សេវាសាធារណៈរបស់ក្រសួងមេត្តាជ្រាបថា ការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូន ផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្ដល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំង ផ្តល់សេវានៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មផ្លូវការរបស់ក្រសួង និងអនុវត្តតាមនីតិវិធីដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ហើយការបង់កម្រៃសេវាសាធារណៈខាងលើនេះ ត្រូវអនុលោមតាមការប្រកាសអន្តរក្រសួង»។
ក្រសួង បន្តថា ថ្មីៗនេះបានពិនិត្យឃើញមានការចុះផ្សាយព័ត៌មានលើការ ផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គមដែលបានអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ ក្រសួងរួមមាន៖ សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណសម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឬទំនិញ និងសេវា ធ្វើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្ដមកត្រួតពិនិត្យនៅកន្លែងផ្តល់សេវាឡើយ។ ការណ៍នេះ គឺផ្ទុយពីការពិត ដែលបង្កឱ្យមានការភាន់ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ លើការផ្ដល់សេវាសាធារណៈរបស់ក្រសួង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ