ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានកោតសរសើរចំពោះដំណើរការដោយរលូន នៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ និងបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជា នឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។


នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងគណៈប្រតិភូ ព្រមទាំងលោក IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបើកចំហស្វាគមន៍រាល់ការវិនិយោគនៅកម្ពុជា របស់បណ្តាក្រុមហ៊ុននានាលើសកលលោក រួមទាំងសហភាពអឺរ៉ុប តាមរយៈការប្តេជ្ញាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដើម្បីបង្កើតភាពទាក់ទាញ។


ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងនាមជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការភ្ជាប់ទំនាក់ទំនងជាប្រចាំ ដើម្បីរាជរដ្ឋាភិបាលអាចផ្តល់នូវការគាំទ្រជ្រោមជ្រែង តាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ពីព្រោះជោគជ័យរបស់ក្រុមហ៊ុន-សហគ្រាសឯកជន បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ហើយនេះ ក៏អាចនិយាយបានថា គឺជាជោគជ័យរបស់ប្រទេសកម្ពុជាទាំងមូល។


ទន្ទឹមនឹងនេះ លោកប្រធាន EU-ABC បានសម្តែងនូវការកោតសរសើរចំពោះដំណើរការដោយរលូន នៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ និងក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ