ភ្នំពេញ ៖ លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពក្នុងមូលដ្ឋានក្រុងតាខ្មៅទាំងអស់ បិទការធ្វើចរាចរ 100% នៅក្នុងក្រុងតាខ្មៅ ហើយហាមពលរដ្ឋមិនឱ្យចេញពីផ្ទះដាច់ខាត។

ការដាក់បទបញ្ជារបស់អភិបាលខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារមួយបញ្ជាឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

តាមរយៈសារសំឡេង នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោក គង់ សុភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «អភិបាលក្រុ ងតាខ្មៅ ស្នងកា មេរាជអាវុធហត្ថ មេយោធាខេត្ត និងមន្ដ្រីចុះនៅតាមសង្កាត់ នៃក្រុងតាខ្មៅទាំងអស់ គណៈអភិបាលខេត្ត ទាំងមូល គណៈអភិបាលក្រុងទាំងមូល ចល័តមើលគ្រប់ផ្លូវទាំងអស់ដោយបិទ១០០ភាគរយ មិនអនុញ្ញាតឲ្យបើកទេ លើកលែងតែលក់សាំង ឬអ្វីដែលចាំបាច់បំផុត។ តែចំណីតាមចញ្ចឹមថ្នូល បើកផ្ទះលក់ ឬហើបរបងលក់ បិទ១០០ភាគរយ »។

លោក ក៏បានបញ្ជាថា មិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ ហើយប្រជាពលរដ្ឋចេញពីផ្ទះមួយ ទៅផ្ទះមួយមិនបានឡើយ អ្នកហាត់ប្រាណនៅសួនតាមមាត់ទន្លេក្រុងតាខ្មៅ ក៏បិទ១០០% បើបន្ដមានទៀត គឺអ្នកពាក់ព័ន្ធទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ