ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ចំនួន ៤១,៧% នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។

កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដោយមានការចូលរួម ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា, ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា និងប្រធាននៃអង្គការ Mekong Future Initiative (MFI) នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានថ្លែងថា វាច្បាស់ណាស់ថា ការប្រែប្រួលអាកាស ធាតុ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះពិភពលោក។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «កម្ពុជាបានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១,៧% នៅត្រឹម ឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបានចាត់វិធានការ និងយុទ្ធសាស្ត្រជាច្រើន ក្នុងការកសាងក្របខ័ណ្ឌយុទ្ធ សាស្រ្ត ការប្រែប្រួលអាកាសធាតុ រួមទាំងការអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ និងការដាក់ឱ្យដំណើរ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលដំណាក់កាលទី៧»។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអាត បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ដែលយើងកំពុងប្រឈម។ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយដើម្បី ពិភាក្សាអំពីសកម្មភាពជាក់ស្តែង ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង សម្រេចបាននូវអាព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០។

លោកទូត បន្ថែមថា អូស្ត្រាលី កំពុងបង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពលើបញ្ហាបម្រែបម្រួលអាកាស ធាតុនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធី CAPRED យើងនឹងតភ្ជាប់ភ្លើងអគ្គិសនីស្អាតទៅកាន់ភូមិដែល មិនមានថាមពលអគ្គិសនីប្រើប្រាស់ បង្កើនសុវត្ថិភាពទឹកតាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាតនៅ តាមជនបទនៃប្រទេសកម្ពុជា និងគាំទ្រគំរូអាជីវកម្មគ្មានកាកសំណល់ក្នុងវិស័យកសិកម្ម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ