នាយកដ្ឋានព័ត៌មានវិទ្យា ៖ ដោយសង្កេតឃើញថា ក្នុងអំឡុងពេលនៃការរីករាលដាលជាថ្មីម្តងទៀតនៃវីរុសកូវីដ១៩ នៅក្នុងព្រះរាជាណចក្រកម្ពុជា មានការផ្សព្វផ្សាយព័ត៌មាន ឬដំណឹងក្លែងក្លាយមួយចំនួន ដែលជាព័ត៌មានប្រឌិត បំភ្លៃ បំពុល ធ្វើឱ្យមហាជនមានការភ័យខ្លាច ព្រួយបារម្ភ និងបង្កជាចលាចលក្នុងសង្គម។ ព័ត៌មានក្លែងក្លាយទាំងនោះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងគេហទំព័រព័ត៌មានអនឡាញមួយចំនួន ដែលមានចេតនាបោកបញ្ឆោត ញុះញង់ ក្នុងគោលបំណងដើម្បីទទួលបាននូវចំណូលផ្នែកហិរញ្ញវត្ថុពីប្រព័ន្ធអ៉នឡាញ បម្រើនិន្នាការនយោបាយ ឬដើម្បីបំផ្លាញកិត្តិយស ស្ថាប័ន អង្គភាព បុគ្គលណាម្នាក់ ជាដើម។

ថ្ងៃនេះក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាសូមជម្រាបជូនសាធារណជននូវវិធីសាស្ត្រត្រួតពិនិត្យព័ត៌មាន ថាជាព័ត៌មានពិត ឬក្លែងក្លាយដូចខាងក្រោម ៖

វិធីសាស្រ្តទី១៖ លោកអ្នកអាចផ្ទៀងផ្ទាត់អត្ថបទព័ត៌មានដែលបានចេញផ្សាយ តាមរយៈគេហទំព័រពេញនិយមគឺ Google ដោយវាយឈ្មោះចំណងជើង ឈ្មោះជនល្មើស ឬឈ្មោះជនរងគ្រោះនោះនឹងបង្ហាញលទ្ធផល ឬទិន្នន័យពីស្ថាប័នសារព័ត៌មានវិជ្ជាជីវៈដែលមានប្រភពព័ត៌មានច្បាស់លាស់ និងមានលក្ខណៈទូលំទូលាយ ។

វិធីសាស្រ្តទី២៖ ត្រូវញែកឲ្យដាច់ពីគ្នារវាងប្រភេទព័ត៌មានថាៈ ជាប្រភេទដកស្រង់ពាក្យសម្តីមានប្រភពច្បាស់លាស់ដែលជាប្រភេទព័ត៌មានពិត និងប្រភេទអ្នកសារព័ត៌មានចង់សរសេរដោយខ្លួនឯង ឬគ្រាន់តែឮគេថា ជាពាក្យចចាមអារ៉ាមហើយសរសេរសន្មតយកតែម្តង ដែលនោះជាប្រភេទព័ត៌មានមិនពិត។

វិធីសាស្រ្តទី៣៖ ប្រភេទព័ត៌មានអន្តរជាតិ (International News) លោកអ្នកអាចវាយជាអក្សរជាភាសាអង់គ្លេស (English Language ) នៅលើគេហទំព័រ Google នូវចំណងជើងអត្ថបទដែលមានពាក្យគន្លឹះ (Keyword) ឬឈ្មោះបុគ្គលនោះអ្នកនឹងទទួលបានទិន្នន័យជាក់លាក់ជាច្រើន ឬក៏គ្មានទិន្នន័យប្រសិនជាព័ត៌មានក្លែងក្លាយ។ 

វិធីសាស្រ្តទី៤ ៖ លោកអ្នកអាចពិនិត្យឈ្មោះអ្នកនិពន្ធ/អ្នកថតរូប  ពិនិត្យកាលបរិច្ឆេទចេញផ្សាយ ឬពិនិត្យតំណរភ្ជាប់ (LINK) នៅលើអត្ថបទ ឬវីដេអូបានផងដែរ ។

វិធីសាស្រ្តទ៥៖ ត្រូវទំនាក់ទំនង សាកសួរទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបញ្ជាក់បន្ថែមឲ្យបានច្បាស់សាល់ មុននឹងជឿងជាក់​ ជាពិសេស​ព័ត៌មានដែលអាចផ្តល់ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម​ និងសន្តិសុខជាតិ។  

និងវិធីសាស្ត្រមួយចំនួនផ្សេងទៀត។

សូមសាធារណជនមេត្តាប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ មុននឹងចែករំលែកព័ត៌មានបន្ត។ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ( Fake News ) លោកអ្នកអាចធ្វើការរាយការណ៍ព័ត៌មានប្រឌិតទាំងនោះ (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយរបស់បណ្តាញសង្គម គេហទំព័រហ្វេសប៊ុក ឬរាយការណ៍ជូនអជ្ញាធរមានសមត្ថកិច្ចដែលនៅជិតលោកអ្នក ។

#FakeNews #Disinformation #DeepFake #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ