(មានវីដេអូ) កាន់តែយ៉ាប់ហើយ! Chelsea ពិបាករក្សាតំណែង Top4 ណាស់ ដោយបានប្រកួតចាញ់ West Ham United ៣-២កាលពីយប់មិញ
អង់គ្លេស៖ ក្រុមតោខៀវ Chelsea បានខកខានយក៣ពិន្ទុ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៣២ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមញញួរយក្ស West Ham United នៅកីឡដ្ឋាន London Stadium ដោយលទ្ធផល ៣ទល់នឹង២។
នៅក្នុងការប្រកួតដ៍ជក់ចិត្តនោះផងដែរ ក្រុមម្ចាស់ផ្ទះ West Ham សឹងតែមានឱកាសនាំមុខមុនទៅហើយ ក្នុងតង់ទី១ នាទីទី៣៤ ប៉ុន្តែត្រូវបាន VAR សម្រេចមិនផ្ដល់ឲ្យវិញ។
ដោយឡែក រំលងបាន៨នាទីក្រុមភ្ញៀវ ក៏រកបាន១គ្រាប់បើកឆាក តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ជម្រើសជាតិប្រេស៊ីល Willian បន្ទាប់ពីខ្សែការពារក្រុមលោក David Moyes កីឡាករ Issa Diop ទាក់ជើងខ្សែបម្រើ Christian Pulisic ដួលក្នុងប្រអប់គ្រោះថ្នាក់។ យ៉ាងណាមិញ ការអបអររបស់ Chelsea មិនទាន់បានប៉ុន្មាន ក្រុម West Ham ក៏វាយបកតាមស្មើភ្លាមៗ នៅនាទីទី៤៥ សម្រេចទីដោយខ្សែបម្រើ Tomas Soucek។
យ៉ាងណាមិញ លុះឈានចូលដល់តង់ទី២ នៅនាទីទី៥១ ខ្សែប្រយុទ្ធ Michail Antonio ក៏បន្ថែមគ្រាប់ទី២ឲ្យក្រុមញញួរយក្ស ធ្វើការនាំមុខទៅលើ Chelsea វិញម្ដង ក្រោយទទួលបានបាល់ពីកីឡាករ Jarrod Bowen។
ការប្រកួតអូសន្លាយដល់នាទីទី៧០ ទើបក្រុមលោក Frank Lampard មានឱកាសតាមស្មើ ដែលជាការស៊ុតបាល់ Free- Kick កោងបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់ម្ចាស់អាវលេខ១០ Willian ដដែល។ ខណៈការប្រកួតខិតជិតនឹងបញ្ចប់ទៅហើយ ខ្សែបម្រើ Andriy Yarmolenko ឆ្លៀតសម្រេចបានគ្រាប់ទី៣នៅនាទីទី៨៩ ជួយ West Ham យកឈ្នះការប្រកួតនេះតែម្ដង។
គួរឲ្យដឹងដែរថា ក្រោយចាញ់ការប្រកួតនេះ បានធ្វើឲ្យ Chelsea ខកខានឱកាសហក់ឡើងទៅចំណាត់ថ្នាក់លេខ៣។ មិនត្រឹមតែប៉ុណ្ណោះ តំណែង Top 4 ដែលពួកគេកំពុងតែឈរនាពេលបច្ចុប្បន្ន ក៏ពិបាកនឹងរក្សាផងដែរ ដោយមានគម្លាតតែ២ពិន្ទុប៉ុណ្ណោះ ពីក្រុមលេខ៥ Manchester United និង លេខ៦ Wolverhampton Wanderers។