(ប្រទេសថៃ)៖ ភូមិគ្រឹះ ឈ្មោះថា Sukhawadee ដែលជាទីតាំងដ៏ទាក់ទាញមួយនៅក្នុងក្រុងផាត់ថាក់យ៉ា ប្រទេសថៃ ត្រូវបានអគ្គិភ័យលេបត្របាក់ កាលពីនៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។ នេះយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ភូមិគ្រឹះនេះ ទើបតែត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរមកលេងកម្សាន្ត បន្ទាប់ពីផ្អាកដំណើរការជាង ៤ខែ ដោយសារថៃបិទប្រទេស ដើម្បីទប់ស្កាត់ការចម្លងនៃវីរុសកូវីដ១៩។ តាមការប៉ាន់ស្មាន អគ្គិភ័យ បានបង្កការខូចខាតទ្រព្យសម្បត្តិស្មើនឹងទឹកប្រាក់ ជាង ៦,៥លានដុល្លារអាមេរិក ក្នុងនោះ មានព្រះពុទ្ធរូប និងផ្ទាំងគំនូរមានតម្លៃផ្សេងៗផងដែរ។ អគារដែលមានទទឹង៦៥ម៉ែត្រ គុណនឹងបណ្ដោយ ៨០ម៉ែត្រនេះ មានភាពល្បីល្បាញលើផ្នែកក្បូរក្បាច់រចនានៃឈើ នៅផ្នែកខាងក្នុង ដែលត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង។ ចំពោះមូលហេតុនៃអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់នោះទេ។ ភូមិគ្រឹះ Sukhawadee សាងសង់នៅលើផ្ទៃដីជិត ១៣ហិកតា ស្ថិតក្នុងសង្កាត់ Bang Lamung។ ទីតាំងទាំងមូល មានតម្លៃប្រមាណ ២ពាន់លានបាត (ប្រហែល ៦៥លានដុល្លារអាមេរិក)៕