តុលាការខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧត្ដមសេនីយ៍ទោម្នាក់ ជាអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធបទល្មើសព្រៃឈើ
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លោក ញាណ សុវណ្ណ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ជនត្រូវចោទ ឈ្មោះ ពៅ សុធារ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខC25 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឋានៈ ឧត្តមសេនីយ៍ទោ។
យោងតាមដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ២៤៦ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ របស់ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់ឈ្មោះ ពៅ សុធារ៉ាន់ ពីបទៈ «កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃយកដីធ្វើជាកម្មសិទ្ធិ» ប្រព្រឹត្តនៅចំណុចភ្នំរហាំង ស្ថិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ។ យោងតាមដីកាខាងដដែល បង្កាប់មកប្រធានពន្ធនាគារខេត្តមណ្ឌលគិរី ឲ្យឃុំខ្លួនជនត្រូវចោទដូចមានឈ្មោះខាងលើនេះ ជាបណ្តោះអាសន្នតាមអំណាច នៃដីកានេះ៕