សពអតីតមេគុកទូលស្លែង ឬមន្ទីរស ២១ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច បានបូជា នៅវត្តចាក់អង្រែក្រោម នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ។ នៅក្នុងបរិវេណវត្ត គេសង្កេតឃើញមានសាច់ញាតិមួយចំនួនរបស់សព និងវត្តមានអាជ្ញាធរពាក់ព័ន្ធខ្លះផងដែរ។

ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ហើយបានទទួលមរណៈភាពកាលពីវេលាម៉ោង០០:៥១ នាទី  ថ្ងៃទី០២  ខែកញ្ញា  ឆ្នាំ២០២០នេះ ក្នុងជន្មាយុ៧៨ឆ្នាំ។

ឌុច ត្រូវបានផ្ដន្ទាទោស ដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។

ប៉ុន្តែព្រះរាជអាជ្ញាប្ដឹងសាទុក្ខជំទាស់។ អង្គ ជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្ដន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ 

សូមបញ្ជាក់ថា ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ