ព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំបុណ្យសមុទ្រ លើកទី៩ នៅចុងឆ្នាំ២០២០
ភ្នំពេញ៖ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ បុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សា ការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ នៅខេត្តព្រះសីហនុនៅថ្ងៃ១៦ មិថុនា គឺមានព្រឹត្តិការណ៍២ ។ ទី១ រៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ និងទី២ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ អាស៊ាននៅខេត្តសៀមរាប នៅដើមឆ្នាំ២០២១។
លោកថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានជម្រើស២ គឺទី១ ធ្វើផ្ទៃក្នុង ។ ទី២ ជាលក្ខណៈ បើកទូលាយ ដោយមានការចូលរួម ពីបណ្តាប្រទេសនានា ដែលរង់ចាំការសម្រេច ពីក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ព្រោះពិភពលោកកំពុងជួបវិបត្តិ Covid-១៩ ។
រដ្ឋមន្ត្រីបន្តថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងមមាញឹក មានផ្លូវ ៣៤ខ្សែ និងឆ្នេរខ្សាច់ជាង ៩គីឡូ ម៉ែត្រ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស កោត សរសើរ អបអរសាទរដែលជាស្នាដៃកូនខ្មែរ គូសប្លង់ និងសាងសង់ ។ សមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ខេត្ត ជម្រុញកំណើនទេសចរ និងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នភ្ញៀវក្នុងស្រុកមានប្រមាណ ៦០ម៉ឺននាក់ក្នុងមួយខែ កាលមិនទាន់មាន Covid-១៩ ភ្ញៀវក្នុងស្រុកមានជាង ១លាននាក់ ក្នុងមួយខែ ។
លោកថោង ខុន បន្ថែមថា ទោះបីខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ដែលមានផ្លូវ ឆ្នេរសមុទ្រ កោះក៏ដោយ ក៏ត្រូវរៀបចំកន្លែងចតរថយន្ត បង្គន់អនាម័យ បញ្ជរពត៌មាន ដើម្បីក្លាយជាគោលដៅទេសចរណ៍ទាក់ទាញ ។
ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តពិតជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ហើយបានជ្រើសរើសយក ទីតាំងរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅផ្លូវប្រសព្វមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។
លោកថា ក្នុងនោះក៏មានរៀបចំពិពណ៌ពាណិជ្ជកម្ម និងផលិតផលខ្មែរ ដូច្នេះកងកម្លាំងមានសមត្ថកិច្ច ត្រូវចុះទៅសិក្សាទីតាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវត្រៀមរៀបចំប្រព័ន្ធទឹក ភ្លើង ដើម្បីឲ្យពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូន ៕EB