ខ្សែការពារ សឿយ វិសាល ឲ្យ CNCC ដឹងថា គេបានតស៊ូក្រាញននៀលយ៉ាងខ្លាំងលើវិថីបាល់ទាត់តាំងពីចូលហ្វឹកហាត់ដំបូងរហូតក្លាយជាកម្លាំងស្នូលមួយរូបទាំងនៅព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជា។ 

ចាកចេញពីស្រុកកំណើតឯខេត្តឧត្តរមានជ័យនៅឆ្នាំ២០០០ វិសាលបានឈានជើងចូលអាស៊ីអឺរ៉ុបយូណាយធីត ឆ្នាំ២០១០ តាំងពីក្របខណ្ឌក្រោមរហូតដល់កម្រិតកំពូល។ ពេលចូលហាត់ដំបូង គេពុំមានអ្វីធ្វើដំណើរផ្ទាល់ខ្លួនទេ ដោយជិះជាមួយមិត្តរួមក្រុម តែក្រោយមកគ្រូបង្វឹកក៏ឲ្យកង់មួយប្រើប្រាស់ជាមធ្យោបាយ។

ខ្សែការពារកណ្ដាលរូបនេះរៀបរាប់លម្អិត “៖មកភ្នំពេញប្រហែលឆ្នាំ២០០០ និងចូលអាស៊ីអឺរ៉ុប ២០១០។ មកនៅជាមួយយាយក្នុងវត្តសន្សំកុសល។ ពេលនោះខ្វះខាតណាស់បង អត់មានអីជិះទៅរៀនទេ ហើយនឹងទៅហាត់  ពេលនោះបានបងៗនៅអាស៊ីអឺរ៉ុបហៅ ហើយទៅហាត់ជាមួយមិត្តភក្ដិ។ ក្រោយមក លោកគ្រូ ប៊ុន សម្បត្តិ ដែលជាគ្រូធំនៅ AEU កាលណោះគាត់ទិញកង់ឲ្យ”។

សឿយ វិសាល បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទីពីររដូវកាល២០១៤ រហូតដល់បច្ចុប្បន្ន និងបានជាប់ជម្រើសជាតិតាំងពីកម្រិតយុវជនដល់ក្រុមធំ។និសិ្សតបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងដដែល បច្ចុប្បន្នក៏ជាមន្ត្រីកងរាជអាវុធហត្ថមួយរូបផងដែរ៕

អត្ថបទ៖ CNCC

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ