ជីវប្រវត្តិ លោក អេឡុន ម៉ាសក៍ ស្ថាបនិកក្រុមហ៊ុន SpaceX អនាគតមហាសេដ្ឋីលេខ១លើកលោក
លោក អេឡុន ម៉ាសក៍ (កើតថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧១) គឺជាជនជាតិអាម៉េរិកដើមកំណើតអាហ្រ្វិកខាងត្បូង ដែលជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកផេយផាល់ (PayPal) និងជាស្ថាបនិកក្រុមហ៊ុនផលិតយានអវកាស ស៉្បេសអ៊ិច (SpaceX)។ គាត់ក៏មានមុខតំណែងជានាយកប្រតិបត្តិ និងជាស្ថាបត្យករនៃក្រុមហ៊ុនផលិតរថយន្តតេសស្លា (Tesla) ផងដែរ។
អេឡុន ម៉ាសក៍ បានចាប់កំណើតក្នុងគ្រួសារមួយដែលមានឪពុកជាជនជាតិអាហ្វ្រិកខាងត្បូង និងម្តាយជាជនជាតិកាណាដា។ គាត់បានបង្ហាញទេពកោសល្យដំបូងរបស់ខ្លួន នៅលើជំនាញផ្នែកកុំព្យូទ័រ និងភាពជាសហគ្រិន។ នៅក្នុងវ័យ១២ឆ្នាំ គាត់បានបង្កើតវីដេអូហ្គេម ហើយបានលក់វានៅក្នុងតម្លៃ ៥០០ដុល្លារអាម៉េរិក។ នៅឆ្នាំ ១៩៨៨ បន្ទាប់ពីទទួលបានលិខិតឆ្លងដែនកាណាដា លោក អេឡុន ម៉ាស បានចាកចេញពីអាហ្វ្រិកខាងត្បូង ដោយសារតែគាត់មិនចង់បំពេញកាតព្វកិច្ចយោធា។ ម៉្យាងទៀត គាត់ក៏ចង់ស្វែងរកឱកាសដើម្បីអភិវឌ្ឍខ្លួនឯងឱ្យបានខ្លាំងជាងមុននៅសហរដ្ឋអាម៉េរិក។
លោកបានចូលរៀនក្នុងសាកលវិទ្យាល័យឃ្វីន នៅទីក្រុងឃីងស្តូន រដ្ឋអនតារីអូ។ នៅក្នុងឆ្នាំ១៩៩២ លោកបានផ្ទេរទៅសាកលវិទ្យាល័យនៃរដ្ឋ ផេនស៊ីវានៀទីក្រុងហ្វីឡាដែលហ្វៀ ជាកន្លែងដែលគាត់បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែករូបវិទ្យានិងសេដ្ឋកិច្ចនៅក្នុងឆ្នាំ១៩៩៧។
លោកបានចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យានៅសាកលវិទ្យាល័យស្ទេនហ្វដ រដ្ឋកាលីហ្វញ៉ា ប៉ុន្តែគាត់បានចាកចេញ បន្ទាប់ពីចូលរៀនបានត្រឹមតែពីរថ្ងៃ ដោយសារតែគាត់មានអារម្មណ៍ថា អ៊ិនធឺណិតមានសក្តានុពលក្នុងការផ្លាស់ប្តូរសង្គមច្រើនជាងការងារនៅក្នុងផ្នែករូបវិទ្យា។
នៅឆ្នាំ ១៩៩៥ លោកបានបង្កើត ហ្ស៊ីព២ (Zip 2) ជាក្រុមហ៊ុនមួយដែលបានផ្តល់ផែនទីនិងបញ្ជីឈ្មោះអាជីវកម្មអនឡាញទៅដល់កាសែត។ នៅឆ្នាំ ១៩៩៩ ហ្ស៊ីព២ (Zip 2) ត្រូវបានទិញដោយក្រុមហ៊ុនផលិតកុំព្យូទ័រខំភែក (Compaq) ក្នុងតម្លៃ ៣០៧ លានដុល្លារអាម៉េរិក។ បន្ទាប់មកលោកអេឡុន ម៉ាសក៍ បានបង្កើតក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុតាមអ៊ិនធឺណិតឈ្មោះ X.com ហើយក្រោយមកក្លាយជាក្រុមហ៊ុន PayPal ដែលមានជំនាញក្នុងការផ្ទេរប្រាក់តាមអ៊ីនធឺណិត។ នៅក្នុងការដេញថ្លៃតាមប្រព័ន្ធអ៊ិនធឺណិត eBay បានទិញ PayPal នៅឆ្នាំ ២០០២ ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារអាម៉េរិក៕SP