និស្សិតថៃរាប់រយនាក់នាំគ្នាតវ៉ាទាមទារឲ្យលោកប្រាយុទ្ធចាន់អ៊ូចាចុះចេញពីតំណែង
ក្រុមនិស្សិតថៃរាប់រយនាក់បានប្រមូលផ្ដុំគ្នាជាក្បួនតវ៉ាមួយនៅតំបន់ជាយក្រុងបាងកកកាលពីថ្ងៃព្រហស្បត្តិ៍ទី២៣ កក្កដា ឆ្នាំ២០២០ ដោយក្នុងដៃរបស់ពួកគេបានសរសេរជាពាក្យតវ៉ានៅលើទូរស័ព្ទ និងបានបើកភ្លើងពិលទូរស័ព្ទយ៉ាងព្រោងព្រាត ដើម្បីទាមទារឲ្យលោកប្រាយុទ្ធចាន់អ៊ូចា នាយករដ្ឋមន្រ្តីថៃ ចុះចេញពីតំណែង និងរំលាយសភារដ្ឋាភិបាលបច្ចុប្បន្នចោល ស្របពេលដែលប្រទេសនេះបានធ្វើការហាមប្រាមមិនឲ្យជួបជុំគ្នាក្នុងដំណាក់កាលនៃរាតត្បាតជំងឺកូវីដ-១៩។
គួរបញ្ជាក់ថាបើទោះបីជាប្រទេសថៃបានចេញបម្រាមហាមមិនឲ្យមានការជួបជុំគ្នាក៏ដោយ តែពុំឃើញមានវត្តមានប៉ូលិសចុះហាមឃាត់ក្រុមនិស្សិតតវ៉ាទាំងនេះឡើយ ដោយការតវ៉ារបស់ហ្វូងនិស្សិតបានកើតឡើងព្រមៗគ្នានៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តAyutthaya ខេត្តKhon Kaen ខេត្តSakon Nakhon និងខេត្តPattani។ មិនតែប៉ុណ្ណោះក្រុមនិស្សិតតវ៉ាបានគ្រោងនឹងបន្តប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងទីក្រុងបាងកក និងបណ្ដាខេត្តផ្សេងៗទៀតនៅចុងសប្ដាហ៍នេះ។
សូមជម្រាបថាការប្រឆាំងជាសាធារណៈចំពោះលោកប្រាយុទ្ធចាន់អ៊ូចា បានកើនឡើងខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះ ចាប់តាំងពីតុលាការបានសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំជាងគេទី២ចោល ដែលជាកត្តាធ្វើឲ្យគណបក្សកាន់អំណាចកាន់តែងាយស្រួលខ្លាំងក្នុងការក្ដោបក្ដាប់លើសភា។ យ៉ាងណាក៏ដោយមកទល់ពេលនេះពុំទាន់មានការឃាត់ខ្លួននិស្សិតណាម្នាក់នៅឡើយទេ៕sp