កម្ពុជាបានប្តេជ្ញាផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន៨៨,៣%ក្នុងទីក្រុង និង៨០% នៅទីជនបទ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីបិទបញ្ចប់សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងទីប្រជុំជនប្រកប ដោយចីរភាពនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

បន្ថែមលើនេះ លោកវង្ស ពិសិដ្ឋ ក៏បានធ្វើបច្ចុប្បន្នភាពអំពីការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមបណ្ដាខេត្តមួយចំនួន ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ លោកបានសង្កត់ធ្ងន់ថា បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ទឹកកខ្វក់ជាង២លានតោនក្នុងមួយថ្ងៃ ត្រូវបានគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាតនានា នឹងបានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធជីវៈចម្រុះ។ 

ពាក់ព័ន្ធនឹងបញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លូន សំដៅឱ្យការគ្រប់គ្រងទឹកស្អាត និងទឹកកខ្វក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ