សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពាវនាវដល់អតិថិជនទូទាត់សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័តដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមជូនដំណឹងដល់អតិថិជន និងសាធារណជនឲ្យបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានទូរសព្ទទៅកាន់អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យអតិថិជនធ្វើការបង់ប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់នានា ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ ការផ្អាកបង់សងមួយរយៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេងៗទៀត។
ដើម្បីចៀសវាងការចាញ់បោកជនខិលខូចទាំងនោះ សមាគមសូមលើកទឹកចិត្តដល់អតិថិជន និងសាធារណជនធ្វើការបង់ប្រាក់ តាមរយៈលេខទូរសព្ទរបស់មន្ត្រីឥណទាន ដែលមានភ្ជាប់ជូនលើតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យគ្រឹះស្ថានដែលនៅជិតលោកអ្នកបំផុត។
លោកអ្នកក៏អាចធ្វើការទូទាត់សងប្រាក់កម្ចី តាមរយៈប្រព័ន្ធធនាគារចល័ត (Mobile Banking) ឬតាមរយៈមាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ផងដែរ។ ក្នុងករណីសង្ស័យ សូមទូរសព្ទជាបន្ទាន់ទៅកាន់គ្រឹះស្ថានដើម្បីធ្វើការផ្ទៀតផ្ទាត់ មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់ជនណាម្នាក់ដែលអះអាងថាខ្លួនជាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុ ដែលលោកអ្នកបានខ្ចីប្រាក់៕SP