ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាតាមរយៈ កំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។ 

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ADB បានបញ្ជាក់ថា ការផ្តល់កម្ចីនេះ គឺជាកម្មវិធីទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការ រួមមានប្រាក់កម្ចី ផ្តោតលើគោលនយោបាយចំនួន ២០ លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋបាលមូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ។ 

វាក៏រួមបញ្ចូល ប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩.៣៥ លានដុល្លារ ដើម្បីជួយកសាងសាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះចំនួន១.៧ លានដុល្លារផងដែរ។

អ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងវិស័យសាធារណៈ របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Jhelum Thomas បានលើកឡើងថា «គម្រោងនេះមានគោលបំណងជួយដលរដ្ឋបាលមូលដ្ឋាននៅទូទាំង ប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋាន ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទ និងទីប្រជុំជនផងដែរ។ គម្រោងនេះ ចាំបាច់ណាស់ ខណៈដែលជំងឺ រាតត្បាតកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បានផ្លាស់ទី ពីទីក្រុងទៅជនបទ។ ប្រការនេះនឹងនាំដល់ សម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់ជំនួយសង្គមនិងសេវាកម្មចំបាច់ដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ ទឹក និងអនាម័យ ដើម្បីគាំទ្រដល់ការរីកចម្រើនណើន ប្រកបដោយបរិយាប័ន្ន និងសមធម៌»។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា បានកើនឡើង ៨% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ កាត់បន្ថយភាពក្រីក្រមកនៅត្រឹម ១៣.៥% ក្នុងឆ្នាំ ២០១៤ ពី ៤៧,៨% ក្នុងឆ្នាំ ២០០៧។ ប៉ុន្តែពលរដ្ឋកម្ពុជាជាង ៧០% រស់នៅជាមួយចំណូលតិចជាង ៣ ដុល្លារក្នុងមួយថ្ងៃ ហើយការទទួលបានសេវាមូលដ្ឋានក៏មិនទានស្មើគ្នា។ គ្រួសារក្រីក្រនិងងាយរងគ្រោះ ប្រឈម ហានិភ័យ ធ្ងន់ធ្ងរខណៈដែលមានជំងឺរាតត្បាតកូវីដ១៩ ដែលបាននាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៃវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាកនៃជីវភាពរស់នៅ។

កម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ នឹងបំពេញបន្ថែមលើ កម្មវិធីទី១ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ បានធ្វើវិមជ្ឈការ ដែលកំពុងតែមានដំណើរការ។ វានឹងជួយ ពង្រឹងការសម្របសម្រួលការងារទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីទទួលបាន ការផ្តល់សេវាកម្ម ដែលឆ្លើយតប នឹងតម្រូវការ ប្រកបដោយការទទួលខុសត្រូវ ដែលរួមបញ្ចូល នូវការពង្រឹងផែនការថវិកា សវនកម្ម និងមុខងារអ្នកស៊ើបអង្កេត ជាយុទ្ធសាស្រ្ត ។ វាក៏នឹងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងចំណូលនិង ចំណាយ ដើម្បីឆ្លើយតបនឹង តម្រូវការក្នុងមូលដ្ឋាន និងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេល វែង របស់មន្រ្តីរដ្ឋបាលមូលដ្ឋាន។ គម្រោងនេះនឹងគាំទ្រដល់ការសាងសង់និងដំណើរការនៃសាលារដ្ឋបាល មូលដ្ឋានជាតិថ្មី ដែលនឹង ផ្តល់នូវការអភិវឌ្ឍជំនាញ តាមរចនាសម្ព័ន្ធ សម្រាប់មន្រ្តីរដ្ឋបាលមូលដ្ឋាន៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ