ក្នុងខណៈដែលអ្នកស្រុក អ្នកភូមិកំពុងខ្វល់ខ្វាយរឿងជំនន់ទឹកភ្លៀងលិចលង់ស្ទើរពេញស្រុក  មានក្រុមចោរ លួចគោមួយក្រុមបានធ្វើដំណើរឆ្លងខេត្ត មកលួចគោរបស់ប្រជាពលរដ្ឋនៅភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង ជាក់ស្តែងកាលពីយប់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ក្រុមចោរមួយក្រុមបានចេញធ្វើសកម្មភាពដោយមានរថយន្តធុនធំមួយគ្រឿង និងម៉ូតូផងជាមធ្យោបាយ លួចយកគោចំនួន ០២ក្បាល ដែលជារបស់ប្រជាពលរដ្ឋឈ្មោះឈ្មោះមឿង ប៊ុនថន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិអន្លងស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងពេល ដែលគោរបស់គាត់ដាក់នៅក្នុងក្រោលក្បែរផ្ទះ ។

សមត្ថកិច្ចសម្រេចឃាត់ខ្លួនបាន ជនស័ង្សយម្នាក់ឈ្មោះ ជឹម ធឿត ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅភូមិចុងឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវ បន្ទាប់ពីជនសង័្សយរូបនេះ ដឹកគោយកទៅលក់បន្តនៅក្រៅខេត្តបាត់ដំបង ដែលករណីនេះបានទទួលបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ វណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយឈ្មោះ ជឹម ធឿត បានឆ្លើយសារភាពថា ខ្លួនរួមគ្នាជាមួយបក្សពួកចំនួន០៣នាក់ផ្សេងទៀតដែលមានទីលំនៅក្រៅខេត្តបាត់ដំបង បានរួមគំនិតគ្នាធ្វើសកម្មភាពលួចគោអ្នកស្រុក នៅភូមិសាស្រ្តស្រុកបាណន់ ដោយមានរថយន្តធំមួយគ្រឿងនិងម៉ូតូផងជាមធ្យោបាយសម្រាប់ដឹក នៅពេលលួចបាន ជាក់ស្តែងក្នុងថ្ងៃកើតហេតុ នេះខ្លួននិងបក្សពួកបានលួចយកគោមេចំនួន០២ក្បាលក្នុងភូមិហើយដឹកយកទៅលក់នៅក្រៅខេត្តបាត់ដំបង ។ ជនសង័្សយបានបន្តឆ្លើយសារភាពទៀតថា ខ្លួននិងបក្សពួកធ្លាប់ដើរធ្វើសកម្មភាពលួចគោនៅច្រើនខេត្តទៀត ដូចជាខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ជាដើម ។ល។

គោចំនួន០២ក្បាលនេះជនសង័្សយដឹកយកទៅលក់បន្តរហូតដល់ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចនគរបាលសហការណ៍ស្រាវជ្រាវដកហូតយកមកប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយនិងវត្ថុតាងផ្សេងទៀត សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទៅតាមផ្លូវច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ