ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែតុលានេះ ប្រកាសពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាឯកជន។
ក្រសួងអប់រំបានឲ្យដឹងថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជាគោលការណ៍ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាត ឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងករណីក្រសួងអប់រំពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណា មិនបានអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន។ ដោយឡែកសម្រាប់សាលារដ្ឋវិញ ត្រូវបានលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា ក្រសួង នឹងជូនដំណឹងនៅពេលក្រោយ៕ SP