ជំនួយការជិតស្និទ្ធម្នាក់របស់លោកស្រីអ៊ុង សានស៊ូជី ត្រូវយោធាមីយ៉ាន់ម៉ាក្របួចយកចេញពីផ្ទះទាំងយប់
មន្រ្តីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ាម្នាក់នៅថ្ងៃព្រហស្បត្តិ៍ទី១១កុម្ភៈឆ្នាំ២០២១និយាយថា ជំនួយការម្នាក់របស់ប្រធានាធិបតីលោកស្រីអ៊ុង សានស៊ូជី ត្រូវបានរបបយោធាចាប់ខ្លួនកាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១ ខណៈដែលសហរដ្ឋអាមេរិកកាន់តែបោះជំហានទៅរកការដាក់ទណ្ឌកម្មលើរបបយោធាដែលធ្វើរដ្ឋប្រហារ។
តាមសម្ដីរបស់សមាជិកគណៈកម្មាធិការព័ត៌មាននៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីអ៊ុង សានស៊ូជីនិយាយថា លោកKyaw Tint Swe និងមនុស្សបួននាក់ផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល ត្រូវបានយោធាចូលក្របួចយកចេញពីផ្ទះទាំងយប់ ពិសេសមេដឹកនាំកំពូលៗនៃអតីតគណៈកម្មការរៀបចំការបោះឆ្នោតទាំងអស់របស់មីយ៉ាន់ម៉ាត្រូវបានយោធាចាប់ឃាត់ និងឃុំខ្លួន។
យោធាបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលលោកស្រីអ៊ុង សានស៊ូជី បន្ទាប់ពីយោធាបានចោទថា រដ្ឋាភិបាលលោកស្រីអ៊ុង សានស៊ូជី បានលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ដែលកាលនោះគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជីបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។ តែជាការឆ្លើយតបគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់របស់យោធាទាំងស្រុង៕SP