យោធាកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ចំនួន៤០នាក់ កំពុងចូលរួមប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦
សិក្ខាកាមយោធាកម្ពុជាចំនួន៤០រូប ដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាអប់រំយោធានៃក្រសួងការពារជាតិរុស្ស៊ី និងនៅតាមតំបន់សំខាន់ៗមួយចំនួនទៀត នៅក្នុងសហព័ន្ធរុស្ស៊ី បានចូលរួមក្នុងកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ដែលប្រារព្ធពិធីបើកកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងទីក្រុងព្យូកូប សហព័ន្ធរុស្ស៊ី។
យោងតាមរបាយការណ៍ លោក ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។
សិក្ខាកាមដែលស្ម័គ្រចិត្តចូលរួមប្រកួតក្នុងកម្មវិធីនេះរួមមាន៖ មកពីសាលាបញ្ជាការយោធាជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោងទីក្រុងរីហ្សាញ់ចំនួន០៧នាក់, សិក្ខាកាមសិក្សានៅបណ្ឌិតសភាអវកាសយោធា MOZAISKOVO ទីក្រុងសាំងពីទ័រស្បឺគ ចំនួន១០នាក់, សិក្ខាកាមយោធាសិក្សានៅបណ្ឌិតសភាយោធាកងទ័ពការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ទីក្រុងស្មាលលែន ចំនួន០៥នាក់, សិក្ខាកាមសិក្សានៅវិទ្យាស្ថានវិស្វករកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា ចំនួន១០នាក់, និងសិក្ខាកាមសិក្សានៅបណ្ឌិតសភាយោធាការពារវិទ្យុសកម្ម គីមីសាស្រ្ត និងជីវសាស្រ្ត ទីក្រុង KOSTROMA ចំនួន០៨នាក់។
ក្នុងរបាយការណ៍ដដែលក៏បានឱ្យដឹងថាកាលពីឆ្នាំ២០១៩ កន្លងទៅ មានសិក្ខាកាមនិស្សិតយោធាកម្ពុជា មកពីគ្រឹះស្ថានចំនួន០២ ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងផងដែរ ដែលកាលនោះមួយក្រុមទទួលបានចំណាត់ថ្នាក់លេខ២ និងមួយក្រុមទៀតទទួលចំណាត់ថ្នាក់លេខ៣។
គួរបញ្ជាក់ជូនផងដែរថា កម្មវិធី International Army’s Games គឺជាកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិ ដែលមានបេក្ខភាពចូលរួមប្រកួតចម្រុះដោយសិក្ខាកាមជានិស្សិតយោធាតាមបណ្តាប្រទេសផ្សេងៗជាច្រើន។ កម្មវិធីនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយ នឹងវេទិការបច្ចេកទេសយោធាអន្តរជាតិលើកទី៦ ដែលរៀបចំដោយក្រសួងការពារជាតិរ៉ូស្ស៊ី និងជាព្រឹតិ្តការណ៍ការតាំងពីព័រណដ៏ធំមួយ នៅប្រទេសរុស្ស៊ី ផ្ដោតលើវិស័យយោធា ដូចជា បច្ចេកវិទ្យាយោធា គ្រឿងសព្វាវុធ និងឧបករណ៍យោធាដែលជឿនលឿន សម្រាប់ភ្នាក់ងារសន្តិសុខ៕SP