(មានវីដេអូ) ខ្មាន់កាំភ្លើងបាញ់ឡើងលើ៤គ្រាប់ ពេលនេះអាវុធហត្ថឃាត់ខ្លួនបានហើយ ជាមន្ត្រីយោធាម្នាក់
ភ្នំពេញ ៖ ខ្មាន់កាំភ្លើងដែលជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយបានដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន៤គ្រាប់ផ្ទួនៗគ្នា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ តាមបណ្តោយផ្លូវ២៨៧ កែងផ្លូវ៥២៨ នៅចំណុចស៊ីកនេតឈ័រ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោកនោះ រហូតដល់នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវឈានដល់កាលរចាប់ខ្លួនជនសង្សយ័ជាមន្ត្រីយោធាម្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា៖ ខ្មាន់កាំភ្លើងដែលចាប់ខ្លួនមានឈ្មោះ វណ្ណៈ ជាមន្ដ្រីយោធា នៅក្រសួងការពារជាតិ ដកហូតបានអាវុធខ្លីមួយដើមម៉ាក Glock និងរថយន្ដមួយគ្រឿងរបស់ជនសង្ស័យផងដែរ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មានករណីបាញ់បោះដោយសេរីមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅនៅមុខហាងយីហោ «ស៊ីកនេតឈ័រ» តាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានទៅចូលផឹកស៊ីនៅហាងលើ តែមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងពីចង្កះហើយអាមេបញ្ចូលគ្រាប់រួចដាក់លើតុ។ ឃើញបែបនេះ មេការហាងបានដើរទៅសួរនាំ និងសុំទោសខ្មាន់កាំភ្លើង ដើម្បីឲ្យយកកាំភ្លើងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឲ្យភ្ញៀវដទៃមានការភ័យខ្លាច។
ប្រភពបន្តថា ក្រោយមកខ្មាន់កាំភ្លើងបានគិតលុយ រួចចាកចេញពីហាង បានមួយសន្ទុះស្រាប់តែជិះម៉ូតូត្រឡប់មកវិញ និងបានដកកាំភ្លើងបាញ់ទៅលើផ្ទាំងយីហោ នៅខាងមុខហាង ចំនួន៤គ្រាប់តែម្ដង ទើបជិះគេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕