មាន់ប្រជាពលរដ្ឋប្រមាណ ១៣០០ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងកសិដ្ឋានមួយកន្លែងក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការងាប់នេះ ត្រូវបានអះអាងថា បណ្តាលមកពីជំងឺផ្តាសាយបក្សី (H5N1)។ ប៉ុន្តែជំងឺនេះ មិនប៉ះពាល់សុខភាពរបស់មនុស្សនោះឡើយ។

លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថាក្រោយពីទទួលព័ត៌មាន លោកបានចុះទៅកាន់ទីកន្លែងចិញ្ចឹមមាន់ដែលមានម្ចាស់ឈ្មោះ ហូណាំ ជាមន្ត្រីសុខាភិបាល។ ក្រោយការពិនិត្យឃើញមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន ១៣០០ក្បាលទាំងតូចទាំងធំ ចាប់ពីថ្ងៃទី៥ ដល់៧ ខែមករា នោះ មន្ត្រីជំនាញសហការជាមួយម្ចាស់យកមាន់ដែលងាប់ទៅកប់ចោល មិនឱ្យបរិភោគ ឬលក់នោះទេ ហើយបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយដែរ ។

ជាលទ្ធផលធ្វើតេស្តលើសំណាកសត្វមាន់ដែលងាប់បានបង្ហាញថា ជាគ្រុនផ្តាសាយបក្សី (H5N1)។ ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេហើយពេលនេះ មន្ត្រីជំនាញកំពុងបន្តពិនិត្យ និងគ្រប់គ្រងលើបញ្ហានេះ ដើម្បីកុំឱ្យរាលដាលខ្លាំង។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវនាវប្រជាពលរដ្ឋបើឃើញមាន់ឈឺ ឬងាប់ខុសប្រក្រតីនិងសង្ស័យកេីតជំងឺផ្តាយសាយ សូមរាយការណ៍បន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីការិយាល័យបសុព្យាបាល ឬមន្ទីរកសិកម្មផ្ទាល់ដើម្បីចុះអន្តរាគមន៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ