ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថានរួមគ្នាបង្កើត ក្រមការងារពិនិត្យ និងដាក់បញ្ជូលវិធានការអនាម័យ និងបរិស្ថាន ក្នុងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន បានចេញប្រកាសរួមស្តីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ជូលវិធានការអនាម័យ និងបរិស្ថាន នៅក្នុងលក្ខណៈសម្បតិ្តនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ប្រកាសនេះបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូនេះបានឲ្យដឹងថា ក្រុមការងារនេះមានចំនួន ១៤រូប ក្នុងនោះប្រធានដឹកនាំដោយលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុប្រធាន២រូប និងមានសមាជិកចំនួន ១១រូបទៀត។
ដោយក្រុមការងារមានតួនាទីដូចខាងក្រោម៖ ពិនិត្យឡើងវិញលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីធ្វើការកែសម្រួលឱ្យបានសមស្របជាមួយនឹងសភាពការណ៍វិវត្តប្រែប្រួលនៃបទល្មើស និងការចូលរួមរបស់ពលរដ្ឋ។ពិនិត្យនិងដាក់បញ្ជូលវិធានការអានាម័យ និងបរិស្ថាន ព្រមទាំងបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំមានសុត្ថិភាព។
ព្រមទាំងសិក្សា ពិនិត្យ កែសម្រួលគោលការណ៍ វិធានការ និងយន្តការនានា នៃចលនាប្រលងប្រណាំងការអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាព។ធ្វើរបាយការណ៍អំពីលទ្ធភាពនៃការសិក្សាស្រាវជ្រាវ និងការពិនិត្យលើបញ្ហាខាងលើនេះជូន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិនិត្យសម្រេច។ព្រមទាំងបំពេញការងារផ្សេងៗទៀតតាមការចាំបាច់ និងតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន៕