កងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់នឹងត្រៀមទៅបំពេញបេសកកម្ម នៅប្រទេសស៊ូដង់ខាងត្បូង ក្នុងពេលឆាប់ៗខាងមុខនេះ។នេះបើតាមការបញ្ជាក់របស់លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីជួបសំណេះសំណាលកងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែសីហានេះ។

នៅក្នុងពិធីនោះដែរ លោកទៀ បាញ់ បានលើកឡើងដែរថា  ចំពោះកងកម្លាំងកងទ័ពមួកខៀវរបស់កម្ពុជាទាំងអស់ ដែលត្រូវទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស គឺត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ការឆ្លងនូវជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរលោករដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេចនូវទីតាំងសម្រាប់ដាក់កងទ័ពមួកខៀវ ដែលនឹងបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រៅប្រទេស ដែលត្រូវវិលចូលមាតុភូមិ ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាលកំណត់ជាដើម ព្រោះថាកងទ័ពមួកខៀវដែលនឹងធ្វើមាតុភូមិនិវត្តន៍សម្រាប់ឆ្នាំ២០២០ មកពីប្រទេសម៉ាលី ប្រទេសស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាល មានចំនួនសរុបចំនួន ៤៦៣នាក់ ដែលត្រូវនិវត្តន៍ជាដំណាក់កាលបន្តបន្ទាប់ ចាប់ពីខែកញ្ញា ខាងមុខនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានកងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ និងមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ៦៧៨នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល និងប្រទេសលីបង់ផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ