កងទ័ពមួកខៀវកម្ពុជា បំពេញបេសកកម្ម នៅប្រទេសម៉ាលីចំនួន២រូប ដែលឆ្លងជំងឺកូវីដ១៩ ពេលនេះបានជាសះស្បើយហើយ ខណៈមួយរូបទៀត បាននឹងកំពុងបន្តការដាន ដោយយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញប្រចាំតំបន់។ នេះបើតាមការបញ្ជាក់ពី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានប្រាប់សារព័ត៌មានក្នុងស្រុក នាថ្ងៃទី០៤ ខែឧសភានេះ។
កងទ័ពមួកខៀវ ទាំង៣រូបនេះ បានឆ្លងជំងឺកូវីដ១៩ ពីសិក្ខាកាមយោធាជនបរទេសដទៃទៀត ដែលរៀន និងស្នាក់នៅកន្លែងជាមួយគ្នា នៅសាកលវិទ្យាល័យ វេជ្ជសាស្ត្រយោធា នៃទីក្រុងសេនភិតធឺស្បឺក (Saint Petersburg) ប្រទេសរុស្ស៊ី។ ពួកគេ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ ក្នុងប្រទេសរុស្ស៊ី ដើម្បីព្យាបាលកាលពីថ្ងៃទី១៨ ខែមេសា។
អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ធ្លាប់អះអាងថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវ ប្រមាណ ៨០០នាក់ ក្នុងនោះមាននារីជាង៧០នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន៤ ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ក្រោយផ្ទុះជំងឺកូវីដកាន់តែខ្លាំង លោក ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការផ្សេងៗ ក្នុងនោះក៏បានហាមមិនឲ្យមន្ត្រីរាជការរបស់ខ្លួន ចេញទៅបំពេញបេសកកម្ម ឬចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស ដែលមិនចាំបាច់នោះឡើយ ដើម្បីចូលរួមការពារមិនឲ្យជំងឺនេះឆ្លង និងរាលដាលចូលកមកម្ពុជាបាន៕SP