មានបុគ្គលដែលជោគជ័យក្នុងផ្នែកអាជីវកម្មជាច្រើនដែលមានគំនិតរកស៊ីតាំងពីនៅវ័យកុមារ ឬពេលដែលនៅពេលពេញយុវវ័យ ។ទោះជាកូនរបស់អ្នកមិនអាចចាប់ផ្តើមអាជីវកម្មមួយនៅថ្ងៃស្អែកដែលជួយឲ្យគ្រួសារមានទ្រព្យសម្បត្តិស្តុកស្តម្ភពិតមែនក្តី ការជំរុញគំនិតរកស៊ីអាចមានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោមនេះ៖
១.ជំរុញការឈ្វេងយល់៖សំណួរហេតុអ្វី? អាចបើកផ្លូវជាច្រើនដល់កូនៗក្នុងការរៀនសូត្រ ។ ឪពុកម្តាយគួរតែជំរុញទឹកចិត្តឲ្យកូនៗពូកែឆ្ងល់ និងសួរសំណួរកាន់តែច្រើន ព្រោះវាជាគុណសម្បត្តិដ៏សំខាន់ដែលសហគ្រិនជោគជ័យភាគច្រើនមាន ។ វាជាគុណសម្បត្តិដែលជួយឲ្យពួកគេស្វែងរកដំណោះស្រាយថ្មីៗសម្រាប់បញ្ហាក្នុងសង្គម ឬបង្កើតផលិតផលថ្មីដែលមានតម្រូវការជុំវិញពិភពលោកជាដើម ។
២. ជំរុញភាពប្រកួតប្រជែង៖ភាពប្រកួតប្រជែងក្នុងករណីនេះមិនមែនជាភាពប្រកួតប្រជែង ឬការប្រៀបធៀបខ្លួនជាមួយអ្នកដទៃដើម្បីរកអ្នកឈ្នះ និងអ្នកចាញ់ទេ ព្រោះការជំរុញកូនៗឲ្យមានគំនិតទាំងនេះនឹងធ្វើឲ្យពួកគេហត់នឿយ និងមានសម្ពាធ ខាងក្រោមនេះ៖ផ្ទុយមកវិញ ឪពុកម្តាយគួរជំរុញឲ្យកូនៗប្រកួតប្រជែងជាមួយនឹងខ្លួនឯងដើម្បីបន្តអភិវឌ្ឍន៍ខ្លួនជានិច្ច ខណៈដែលសហការជាមួយអ្នកដទៃទៅវិញ ។
វិធីមួយដែលអាចជំរុញផ្នែកនេះគឺការអនុញ្ញាតឲ្យកូនៗចូលរួមក្រុមកីឡា ឬការប្រកួតជាក្រុមណាមួយ ព្រោះដើម្បីឈ្នះ ពួកគេនឹងត្រូវពង្រឹងសមត្ថភាពខ្លួនជានិច្ចខណៈដែលរៀនសហការជាមួយសមាជិកក្រុមដទៃ ។
៣. ជួយធ្វើឲ្យការស្រមើលស្រម៉ៃក្លាយជាការពិត៖កូនមានស្រមើលស្រម៉ៃ ឬពូកែគិត ប៉ុន្តែមិនមានសមត្ថភាពក្នុងការបកស្រាយវា ឬធ្វើឲ្យវាក្លាយជាការពិតឡើយ ។ ប្រសិនបើកូនៗអ្នកជួបនឹងបញ្ហានេះ មានន័យថាកូនអ្នកអាចនឹងខ្សោយក្នុងផ្នែកទំនាក់ទំនងដែលជាកត្តាសំខាន់មួយប្រសិនបើពួកគេចង់ជោគជ័យទាំងក្នុងការងារ និងអាជីវកម្ម ។ឪពុកម្តាយអាចពង្រឹងផ្នែកនេះបានដោយឲ្យកូនៗចាត់ចែងកិច្ចការអ្វីមួយ ហើយបន្ទាប់ពីវាត្រូវបានបញ្ចប់ហើយ ឪពុកម្តាយត្រូវនិយាយជាមួយកូនៗពីដំណើរការតាំងពីដើមដល់ចប់ ។ រួចសួរពីអ្វីដែលពួកគេធ្វើបានត្រឹមត្រូវ និងដំណោះស្រាយផ្សេងៗដែលពួកគេបានគិតឃើញពេលជួបនឹងបញ្ហា ។
កូនគ្រប់រូបមានលក្ខណៈខុសៗគ្នា ដូច្នេះឪពុកម្តាយមិនគួរគិតតែព្រួយបារម្ភច្រើនពេកទេ ហើយផ្តោតស្មារតីទៅលើចំណុចខ្លាំងដែលពួកគេមានទៅវិញ និងចាំលើកទឹកចិត្តកូនៗឲ្យបន្តការរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនជានិច្ច ៕SP