ទាំងអតីតកាល បច្ចុប្បន្ននិងច្បាស់ណាស់នៅថ្ងៃអនាគត បច្ចេកវិទ្យាបាន ឬ នឹងជំនួសការងារជាច្រើនរបស់មនុស្សដែលធ្លាប់មាន និងកំពុងតែមាន។

បើតាមការចុះផ្សាយពីសំណាក់ទស្សនាវដ្តី Forbes ធ្វើការព្យាករណ៍ថាការងារជាច្រើននឹងត្រូវបាត់បង់ក្នុងរយៈពេល ២០ឆ្នាំខាងមុខទៀត ហើយខាងក្រោមនេះជាការងារ ៥ដែលយើងសង្កេតថាមានអ្នកធ្វើច្រើនគួរសមដែរនៅស្រុកយើង ហើយអាចនឹងបាត់បង់ទៅនៅថ្ងៃអនាគត។

១. អ្នកដើរលក់គោះទ្វារតាមផ្ទះ

មែនទែនទៅសម័យនេះ គេអាចនឹងខ្លាចអ្នកដើរលក់ដោយគោះទ្វារតាមផ្ទះទៀត ខណៈដែលសម័យនៃបណ្ដាញសង្គមចូលមកដល់ហើយនោះ។

ការលក់ភាគច្រើននឹងត្រូវធ្វើឡើងនៅលើបណ្ដាញសង្គមនិងផ្លេតហ្វម e-Commerce មួយចំនួន ដែលមិនចាំបាច់ឱ្យមានអ្នកដើរលក់ដល់ជើងជណ្ដើរផ្ទះនោះទេ។

២. អ្នករត់សំបុត្រ

ឥឡូវនេះដោយសារតែស្ថាប័នរដ្ឋនិងឯកជនមួយចំនួននៅប្រើសំបុត្រជាក្រដាស ទើបពួកគាត់នៅមានការងារធ្វើ ប៉ុន្តែនិន្នាការនៅថ្ងៃខាងមុខ អ្វីៗស្ទើរតែទាំងអស់នឹងប្រើប្រាស់ប្រព័ន្ធឌីជីថល។

ហេតុនេះហើយចង់ឬមិនចង់ អ្នករត់សំបុត្រចាំបាច់ត្រូវរៀនជំនាញផ្សេងបន្ថែម ឬបំបែកខ្លួនចាប់របរដឹកជញ្ចូនដែលកំពុងតែពេញនិយមវិញ។

៣. មន្ត្រីឥណទានចុះតាមមូលដ្ឋាន

បច្ចុប្បន្នដោយហេតុតែ ពិភពលោកមិនទាន់វិវត្តទៅប្រព័ន្ធឌីជីថលពេញលេញ ទើបតម្រូវឱ្យមានអ្នកចុះទៅត្រួតពិនិត្យផ្ទាល់លក្ខណៈសម្បត្តិរបស់អ្នកដែលត្រូវខ្ចីលុយ ដែលជាការងាររបស់មន្ត្រីឥណទាននេះ។

នៅពេលខាងមុខ ពេលដែលពិភពលោកវិវត្តិប្រើប្រាស់ប្រព័ន្ធឌីជីថលសព្វគ្រប់ ការងារនេះអាចនឹងមានបញ្ហាដោយហេតុតែ ធនាគារនឹងប្រើប្រាស់ទិន្នន័យក្នុងការវិភាគលើលក្ខណៈសម្បត្តិបុគ្គលតាមប្រព័ន្ធកុំព្យូទ័រវិញ ព្រោះថានឹងមានភាពសុក្រិតនិងច្បាស់លាស់ជាងមនុស្ស។

៤. ភ្នាក់ងារទេសចរណ៍

ផ្ដើមចេញពីសម័យនេះទៅ មនុស្សចាប់ផ្ដើមចេះប្រើអ៊ីនធឺណេតច្រើន ជាពិសេសក្មេងៗចូលចិត្តដើរផ្សងព្រេងដោយខ្លួនឯងជាជាងមានអ្នកនាំផ្លូវដើរចង្អុល។

ហេតុនេះហើយបានជា Forbes បញ្ចូលការងារនេះក្នុងចំណោមការងារហានិភ័យមួយដែលអាចនឹងបាត់មុខកក្នុងរយៈកាល ២០ឆ្នាំទៀត។

៥. ការងារប្រើកម្លាំង

ការងារទាំងនោះសំដៅទៅលើការងារមួយចំនួនដូចជា កម្មករសំណង់ អ្នកលើកទំនិញជាដើម ដែលការងារទាំងនេះសុទ្ធតែត្រូវប្រើកម្លាំងទាំងអស់ ប៉ុន្តែសម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀតការងារទាំងនេះ ត្រូវបានជំនួសដោយម៉ាស៊ីន ឬឧបករណ៍មួយចំនួនដែលអាចធ្វើបានច្រើនជាងកម្មករដែលមិនមានជំនាញ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ