លោក ចូរ បាយដិន ជាអ្នកនយោបាយចាស់វស្សាមួយរូប ដែលប្រឡូកប្រមាណ៥០ឆ្នាំមកហើយ
លោកចូ បាយដិនអ្នកនយោបាយជោគជាំមួយរូប លោកធ្លាប់បានប្រឡូកប្រមាណ៥០ឆ្នាំមកហើយ។ លោកក៏ធ្លាប់ធ្វើការជាមេធាវីមួយរយៈពេល មុនចូលប្រឡូកក្នុងឆាកនយោបាយ។ ក្រោយមកលោកបានក្លាយជាសមាជិកព្រឹទ្ធសភាវ័យក្មេងបំផុតក្នុងប្រវត្ដិសាស្ដ្រអាមេរិក និងកាន់តំណែងនេះបានយូរឆ្នាំផងដែរនៅរដ្ឋដេឡាវែរ ។ លោកក៏បានក្លាយជាអនុប្រធានាធិបតីទី៤៧របស់អាមេរិកកាន់តំណែងពីរអាណត្ដិជាប់គ្នា គឺក្នុងឆ្នាំ២០០៨និងឆ្នាំ២០១២ គ្រាលោកបារ៉ាក់ អូបាម៉ាកាន់តំណែងប្រធានាធិបតី។
ជីវប្រវត្តិនៃការសិក្សារបស់លោកចូ បាយដិន មានឈ្មោះពេញថា Joseph Robinette Biden Jrកើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅក្នុងរដ្ឋផេនស៊ីលវ៉ានៀ បច្ចុប្បន្នមានវ័យ៧៧ឆ្នាំ។ លោកមានបងប្អូនបួននាក់ ស្រីម្នាក់ ប្រុសបីនាក់ មានឪពុកឈ្មោះ Joseph Robinette Biden Srនិងម្ដាយឈ្មោះ Catherine Eugenia Finnegan។ ឪពុករបស់លោកដំបូងឡើយជាអ្នកមានទ្រព្យសម្បត្ដិម្នាក់ ប៉ុន្ដែបានជួបវិបត្ដិហិរញ្ញវត្ថិជាច្រើនលើកនៅពេលមានកំណើតកូនប្រុស។ រយៈពេលជាច្រើនឆ្នាំដែលគ្រួសាររបស់លោកបានទៅរស់នៅជាមួយជីដូនជីតាខាងម្ដាយ។
ពេលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងក្នុងអំឡុងទសវត្សឆ្នាំ១៩៥០ ឪពុករបស់លោកបាយដិនពុំអាចរកការងារជាប់លាប់បានទេ។ ក្នុងឆ្នាំ១៩៥៣ គ្រួសាររបស់លោកបាយដិនបានផ្លាស់ទៅរស់នៅតំបន់ខ្លេយ៍ម៉ុន ក្នុងរដ្ឋដេឡាវែរ។ ប៉ុន្មានឆ្នាំក្រោយក៏ផ្លាស់ទៅទីក្រុងWilmingtonក្នុងរដ្ឋដេឡាវែរដដែល។ ក្រោយមកទៀតឪពុកលោកបាយដិនក៏ក្លាយជាអ្នកលក់ឡានជជុះដ៏ជោគជ័យម្នាក់ អាចជួយឲ្យជីវភាពគ្រួសារបានល្អប្រសើរឡើងវិញ។
ចំពោះការសិក្សា លោកចូ បាយដិនបានចូលរៀននៅសាលាArchmere Academyនៅខ្លេយ៍ម៉ុន ក្រោយមកទៀតលោកបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាដេឡាវែរក្នុងឆ្នាំ១៩៦៥ លើមុខជំនាញពីរគឺផ្នែកប្រវត្ដិសាស្ដ្រនិងវិទ្យាសាស្ដ្រនយោបាយ។ លោកក៏បានរៀនជំនាញបន្ទាប់បន្សំមួយទៀតផ្នែកភាសាអង់គ្លេស។ បន្ទាប់មកទៀតលោកបានបន្ដរៀននៅសាកលវិទ្យាល័យSyracuseជំនាញច្បាប់ក្នុងឆ្នាំ១៩៦៦ និងបញ្ចប់ក្នុងឆ្នាំ១៩៦៨។ ក្នុងឆ្នាំ១៩៦៨លោកបាយដិនក៏បានធ្វើជាស្មៀន០៦ខែផងដែរនៅក្រុមហ៊ុនច្បាប់មួយក្នុងក្រុងWilmington ដឹកនាំដោយសមាជិកគណបក្សសាធារណរដ្ឋដ៏លេចធ្លោមួយរូប។ ក្នុងពេលចូលរួមសកម្មភាពនានា សមាជិកគណបក្សសាធារណរដ្ឋក្នុងតំបន់នោះ ក៏ព្យាយាមជ្រើសរើសលោកចូលជាសមាជិកប៉ុន្ដែលោកបាយដិនបដិសេធ ដោយសារមិនពេញចិត្ដបេក្ខជនប្រធានាធិបតីរីឆាត និចស៊ុន ហើយលោកក៏ទៅចុះចូលជាមួយគណបក្សឯករាជ្យ។
នៅឆ្នាំ១៩៦៩លោកបាដិនបានចាប់ផ្ដើមការងារជាអ្នកច្បាប់បន្ដទៀតក្នុងទីក្រុងWilmington ដំបូងជាមេធាវីការពារក្ដីសាធារណៈ នៅក្រុមហ៊ុនដឹកនាំដោយមន្ដ្រីសកម្មម្នាក់របស់គណបក្សប្រជាធិបតេយ្យ។
គ្រានោះលោកក៏បានទៅចូលរួមក្នុងកិច្ចប្រជុំមួយរបស់គណបក្សប្រជាធិបតេយ្យ ហើយលោកបាយដិនក៏សម្រេចចុះឈ្មោះចូលជាសមាជិកគណបក្សប្រជាធិបតេយ្យវិញ។
ការប្រឡូកក្នុងឆាកនយោបាយចាប់អាជីពនយោបាយដំបូង លោកចូ បាយដិនបានបម្រើការក្នុងក្រុមប្រឹក្សានៅតំបន់New Castle ពីឆ្នាំ១៩៧០-១៩៧២ តែក៏បន្ដធ្វើការងារឯកជនជាអ្នកច្បាប់ដដែល។ ដោយមានមហិច្ឆតាចង់ក្លាយជាសមាជិកព្រឹទ្ធសភា លោកបានចាប់ផ្ដើមឈរឈ្មោះជាបេក្ខភាពនៅក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងរដ្ឋដេឡាវែរក្នុងឆ្នាំ១៩៧២។ កាលនោះពិតជាលំបាកខ្លាំងក្នុងការប្រជែងជាមួយបេក្ខភាពខាងគណបក្សសាធារណរដ្ឋលោកJ. Caleb Boggs ដែលកាន់តំណែងនេះបីអាណត្ដិមកហើយ។
ប៉ុន្ដែដោយមានការតស៊ូក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកខិតខំផ្សព្វផ្សាយគោលនយោបាយនានា និងបានជួបដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីអូសទាញទឹកចិត្ដម្ចាស់ឆ្នោត។ ទីបំផុត លោកក៏ទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាក្នុងរដ្ឋដេឡាវែររៀបចំឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៧២ មានសំឡេងគាំទ្រ៣,១៦២សំឡេង។
នៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៣ លោកចូ បាយដិនបានស្បថចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋដេឡាវែរ ក្នុងវ័យត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ ជាសមាជិកព្រឹទ្ធសភាវ័យក្មេងជាងគេក្នុងប្រវត្ដិសាស្ដ្រអាមេរិក។ លោកបានជាប់ជាសមាជិកសភា៦អាណត្ដិទៀត គឺនៅឆ្នាំ១៩៧៨, ១៩៨៤, ១៩៩០, ១៩៩៦, ២០០២ និងឆ្នាំ២០០៨ ដោយកាន់តំណែងសមាជិកព្រឹទ្ធសភាសរុបពីឆ្នាំ១៩៧៣រហូតដល់ឆ្នាំ២០០៩។
ក្រៅពីតំណែងសមាជិកព្រឹទ្ធសភា នៅឆ្នាំ១៩៨៧លោកចូ បាយដិនក៏បានប្រកាសចូលរួមជាបេក្ខភាពដណ្ដើមការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យផងដែរ ដើម្បីចូលរួមការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៨៨។ លោកចង់ក្លាយជាប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រវត្ដិសាស្ដ្រអាមេរិក រាប់ចាប់ពីលោកJohn F. Kennedy ប៉ុន្ដែមិនទទួលជោគជ័យទេ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ លោកបានប្រកាសពីការចូលរួមប្រជែកយកការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងបក្សម្ដងទៀត ចូលរួមការបោះឆ្នោតក្នុងឆ្នាំ២០០៨ ប៉ុន្ដែត្រូវបរាជ័យជាថ្មីខណៈលោកបារ៉ាក់ អូបាម៉ាត្រូវបានជ្រើសរើស។
បន្ទាប់ពីត្រូវបានដកឈ្មោះចេញពីបេក្ខជនប្រធានាធិបតីតំណាងបក្ស លោកចូ បាយដិនត្រូវបានលោកបារ៉ាក់ អូបាម៉ាដែលជាប់ជាបេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យពេញចិត្ដ ហើយចង់រកកន្លែងសំខាន់មួយឲ្យលោកបាយដិននៅក្នុងរដ្ឋាភិបាលរបស់លោក គឺតំណែងជាអនុប្រធានាធិបតីតែម្ដង។ ដំបូងលោកបាយដិនបដិសេធ ប៉ុន្ដែក្រោយមកក៏យល់ព្រម។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨ លោកអូបាម៉ាបានប្រកាសថា លោកបាយដិននឹងក្លាយជាអនុប្រធានាធិបតីនៅពេលលោកជាប់ឆ្នោត។
បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៨បានបញ្ចប់ ដែលលោកអូបាម៉ាទទួលជោគជ័យដូចរំពឹងទុក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ លោកចូ បាយដិនបានក្លាយជាអនុប្រធានាធិបតីទី៤៧របស់អាមេរិក។ នៅឆ្នាំ២០១០លោកក៏ត្រូវបានលោកអូបាម៉ាស្នើសុំឲ្យធ្វើជាអនុប្រធានាធិបតីម្ដងទៀត ដើម្បីប្រកៀកស្មាគ្នាចូលរួមការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១២។ ក្រោយលោកអូបាម៉ាឈ្នះឆ្នោតប្រធានាធិបតីអាណត្ដិទីពីរក្នុងឆ្នាំ២០១២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ លោកបាយដិនក៏ក្លាយជាអនុប្រធានាធិបតីអាមេរិកក្នុងអាណត្ដិទីពីរដែរ ដែលបន្ដកាន់តំណែងដល់ឆ្នាំ២០១៧។
ក្រោយចប់អាណត្ដិក្នុងឆ្នាំ២០១៧ លោកបាយដិនមិនងាកចេញពីរឿងនយោបាយទេ ហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកបាយដិនបានបញ្ជាក់ថាលោកអាចនឹងចូលរួមប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។
នៅទីបំផុតនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោកចូ បាយដិនត្រូវបានប្រកាសតែងតាំងជាផ្លូវការ ជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជែងជាមួយលោកដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
បច្ចុប្បន្នបេក្ខភាពទាំងពីរកំពុងមានជំនឿរៀងៗខ្លួននឹងអាចជាប់ឆ្នោត ខណៈបើតាមការស្ទង់មតិបង្ហាញថា លោកចូ បាយដិនជាអ្នកនាំមុខលោកដូណាល់ ត្រាំ គឺលោកបាយដិនទទួលបានសំឡេងគាំទ្រ៥០ភាគរយ ចំណែកលោកត្រាំតែ៤៣ភាគរយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយមិនទាន់អាចកំណត់បានទេថា នរណានឹងជាអ្នកឈ្នះពិតប្រាកដ។
ស្ថានភាពគ្រួសារលោកចូ បាយដិនបានរៀបការចំនួនពីរលើក លើកទីមួយជាមួយអ្នកស្រីណេលលៀ ហាន់ធ័រ ក្នុងឆ្នាំ១៩៦៦។ ប៉ុន្ដែអ្នកស្រីនិងកូនស្រីអាយុ១ឆ្នាំបានស្លាប់ក្នុងឆ្នាំ១៩៧២ ដោយសាររថយន្ដរបស់អ្នកស្រីត្រូវរថយន្ដដឹកជំនិញបុក។
ចំណែកកូនប្រុសពីរនាក់ដែលនៅក្នុងរថយន្ដនោះដែរ ត្រូវបានបញ្ជូនទៅង្គ្រោះនៅមន្ទីរពេទ្យហើយនៅរស់រានមានជីវិតដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៧៧ លោកបាយដិនបានរៀបការជាមួយភរិយាទីពីរ គឺអ្នកស្រីជីល បាយដិន។ លោកមានកូនចំនួន៤នាក់ ប្រុសពីរនាក់ស្រីពីរនាក់។ ក្នុងនោះបីនាក់កូនជាមួយភរិយាមុនដែលស្លាប់ស្រីម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងកូនស្រីម្នាក់ទៀតជាមួយភរិយាទីពីរសព្វថ្ងៃ៕