(ក្រុងតូរីន)៖ បើយោងតាមប្រភព DailyMail ក្រុមបាល់ទាត់ Juventus របស់អ៊ីតាលីបានបញ្ចប់តំណែងលោក Maurizio Sarri ពីអ្នកចាត់ការទូទៅជាផ្លូវការហើយ បន្ទាប់ពីដឹកនាំបានតែ ១រដូវកាលប៉ុណ្ណោះ។

ទន្ទឹមនេះ លោក Sarri បានដឹកនាំក្រុមសេះបង្កង់ Juventus ឈ្នះពាន Serie A ជាលើកទី៩ តែពួកគេត្រូវបានធ្លាក់ចេញពី Champions League ក្រោមថ្វីជើងក្រុម Lyon របស់បារាំងនៅវគ្គ ១៦ក្រុមចុងក្រោយ។

យ៉ាងណាមិញ Juventus បានឈ្នះ ២-១ ក្នុងជើងទី២ នៅទីក្រុង Turin ប្រទេសអ៉តាលីនារាត្រីថ្ងៃសុក្រ ប៉ុន្តែក្រុមបារាំងបានឈានទៅវគ្គ ៨ក្រុមចុងក្រោយ ដោយសារគ្រាប់ចំណេញក្រៅដី ក្នុងលទ្ធផលស្មើគ្នា ២-២ ទាំងពីរជើង។

គួរបញ្ជាក់ផងដែរថា លោក Sarri ជនជាតិអ៊ីតាលី អាយុ ៦១ឆ្នាំត្រូវបានតែងតាំងដឹកនាំ Juventus ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំកាលពីរដូវក្តៅមុន បន្ទាប់ពីចំណាយពេល ១រដូវកាលដឹកនាំក្លិបតោខៀវ Chelsea ដែលលេងនៅ Premier League៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ