យោងតាមសេចក្តីបំភ្លឺរបស់លោកជំទាវ វេជ្ជបណ្ឌិត ឱ  វណ្ណឌីន  រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ចេញផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល នាថ្ងៃទី០១ ខែវិច្ឋិកា ឆ្នាំ២០២០ នេះបានច្រានចោល ការផ្សាយរបស់សារព័ត៌មានអនឡាញ  NP Video ដែលដកស្រង់ខ្លឹមសារទាំងស្រុងពីគណនីហ្វេសប៊ុនឈ្មោះ  San Sek Sokhom ចេញផ្សាយកាលថ្ងៃទី៣១  ខែតុលា  ឆ្នាំ២០២០ កន្លងទៅ  ស្តីពីការបង់ថ្លៃស្នាក់នៅ  ហូបចុកក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ថាការលើកឡើងនេះមានចរិតបំពុលសង្គម និងចោទប្រកាន់ដោយមិនទាំងយល់ពីនិតិវិធីក្នុងការជ្រើសរើសកន្លែងធ្វើចត្តាឡីស័ក  ក្នុងពេលដែលក្រសួងសុខាភិបាលកំពុងតែខិតខំអនុវត្តវិធានការទប់ស្កាត់កុំឲ្យមានការចម្លងដោយសារការនាំចូលវីរុសកូវីដ-១៩  ពីក្រៅប្រទេសមកកម្ពុជា។  

លោកជំទាវ វេជ្ជបណ្ឌិត បញ្ជាក់ថា  ការជ្រើសរើសសណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក ដោយបង់ថ្លៃ  គឺជាការសម្រេចចិត្តរបស់បុគ្គលរូបនោះដោយខ្លួនឯង  ដោយគ្មានការបង្ខិតបង្ខំឡើយ  ព្រមទាំងមានការចុះហត្ថលេខាលើទម្រង់ជ្រើសរើសទីកន្លែងដោយសាមីខ្លួនផ្ទាល់ទៀតផង។  ប្រសិនបើបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ  និងចំណីអាហារខ្លួនឯងនោះ  គាត់អាចជ្រើសរើសយកកន្លែងដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន។  តែករណីនេះ  គឺបុគ្គលរូបនេះ  ដឹងហើយថាត្រូវបង់ថ្លៃសណ្ឋាគារ  និងម្ហូបអាហារ  ហើយជ្រើសយកដោយខ្លួនឯងទៀត  តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ។

អាស្រ័យហេតុនេះសាធារណជនទាំងអស់មេត្តាឈប់យល់ច្រលំចំពោះការលើកឡើងរបស់ម្ចាស់គណនី San Sek Sokhom ខាងលើ ដែលបានព្យាយាមផ្សព្វផ្សាយបំពុលសង្គម និងមានចេតនាបង្កើតការយល់ច្រលំយ៉ាងធ្ងន់ធ្ងរមកលើខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ធ្វើការទាំងយប់ទាំងថ្ងៃ មិនបានឈប់សម្រាកផងនោះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ