ព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ២រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍បាញ់ជាច្រើនគ្រាប់បង្កដោយជនជាតិចិន និងចិន ដែលបណ្តាលឲ្យរងរបួស២នាក់។ 

តែយ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបើក ប្រតិបត្តិការ តាមបង្ក្រាបបានភ្លាមៗ និងកំពុងបន្តនីតិវិធី។

លោកបានបញ្ជាក់ថា «យប់មិញម៉ោង ២ទាបភ្លឺថ្ងៃទី២២ ខែតុលា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់ (ចិន និងចិន) តែកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេសរបស់យើង បានចេញបង្រ្កាបជនបង្កភ្លាមៗហើយ»។

លោករៀបរាប់ថា ក្រោយមានហេតុការណ៍នេះកើតឡើង អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យតាមចាប់ជនបង្កឲ្យបានដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ សម្រាប់មូលហេតុ ដែលនាំឲ្យជនជាតិចិនបាញ់ជាច្រើនគ្រាប់នោះមិនទាន់ដឹងមូលហេតុអ្វីនោះទេ។

នៅពេលនេះជនបង្កត្រូវបាននាំខ្លួន និងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានជនជាតិចិន នៅក្រុងព្រះសីហនុ បានបាញ់តដៃគ្នា បណ្តាលឲ្យមានមនុស្សពីរនាក់រងរបួស និងអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់ទទេភ្លាមៗ នៅកន្លែងកើតហេតុ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ