(មានវីដេអូ) លោកឧត្ដមសេនីយ៍ត្រី ជិន សាមីឌី ស្រវឹងស្រឿងៗ សុំស្នេហ៍ស្ដ្រីម្ចាស់ហាងមិនបាន ដកកាំភ្លើងគំរាមបាញ់
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ត្រី ជិន សាមីឌី ស្រវឹងស្រឿងៗ សុំស្នេហ៍ស្ដ្រីម្ចាស់ហាង វិមានព្រិល មិនបាន ឈានទៅដល់ដកកាំភ្លើងខ្លីគំរាមបាញ់ បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា ហើយបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ ចំណុចហាងមួយកន្លែងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសស៊ីវិលម្នាក់ ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាកឡិចស៊ីសពណ៌ទឹកប្រាក់ ផ្លាកលេខនគរបាល 2-7119 បានចូលទៅហាងផឹកស៊ីដែលមានយីហោ “វិមានព្រិល” ហើយក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាងមួយប្រាវ រួចកបើករថយន្តចេញបាត់ទៅ។
ប្រភពបន្តទៀតថា មួយសន្ទុះក្រោយមកស្រាប់តែបើករថយន្តមកហាងផឹកស៊ីវិមានព្រិលវិញ បានដកកាំភ្លើងគំរាមបាញ់ ត្រូវបានម្ចាស់ហាងរាយការណ៍ ទៅកម្លាំងសមត្ថកិច្ចនិងអាវុធហត្ថខណ្ឌចំការមន បានទៅដល់កន្លែងភ្លាមៗ តែជនបង្កបានឡើងជិះរថយន្តបើកគេចចេញពីកន្លែងកើតហេតុ សមត្ថកិច្ចកដេញតាមពីក្រោយ រហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្ត និងបុរសម្នាក់ដែលជាម្ចាស់កាំភ្លើងនោះបាន ក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ។
ក្រោយពេលបញ្ជូនជនបងនោះ មកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះ ឱ្យដឹងថា មានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយីត្រី (អនុប្រធាននាយកដ្ឋាន) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្ន ឧត្តមសេនីយ៍ខាងលើ ត្រូវបានសមត្ថកិច្ចនាំមកសាកសួរបន្ថែម រីឯស្ត្រីម្នាក់ដែលជាម្ចាស់ហាងខាងលើ ក៏ត្រូវបានសមត្ថកិច្ចអញ្ជើញមក
កាន់អធិការដ្ឋានខណ្ឌចំការមនផងដែរ ដើម្បីសាកសួរមូលហេតុ និងចាត់ការតាមផ្លូវច្បាប់៕EB