(មានវីដេអូ)៖ ពិភពលោកកំពុងរំជួលចិត្តបន្ទាប់ពីឃើញ ដូនជីកាតូលិកម្នាក់ហ៊ានលុតជង្គង់សុំអង្វរយោធា កុំឱ្យបាញ់សម្លាប់លើក្រុមបាតុករតទៅទៀត ពិសេសគឺកុមារ ខណៈដែលដូនជីម្នាក់នេះប្រាប់យោធាថា« បើចង់បាញ់បាញ់ខ្លួនមកចុះ»
(បរទេស)៖ ស្រប់ពេលដែលបាតុកម្មតវ៉ាប្រឆាំងរបបដឹកនាំយោធាមីយ៉ានម៉ានៅតែបន្តគ្មានអន់ថយបន្តិចសោះនោះ ថ្មីៗនេះគេបានឃើញសកម្មភាពថ្មីមួយទៀតបានកើតឡើង គឺមានដូនជីកាតូលិកជាច្រើននាក់ បានចេញមកតវ៉ានៅចំពោះមុខយោធាមីយ៉ានម៉ា ដែលកំពុងធ្វើការបាញ់ប្រហារលើវ៉ូងបាតុករ។ ក្នុងចំណោមដូនជីកាតូលិកជាច្រើននាក់នោះ មានដូចជីម្នាក់ ហ៊ានចេញមុខលុតជង្គង់នៅមុខយោធា ដើម្បីអង្វរករដល់យោធា ឈប់ធ្វើការបាញ់ប្រហារតទៅទៀត។
យោងតាមការចេញផ្សាយដោយ CAN នៅថ្ងៃទី09 ខែមីនា ឆ្នាំ2021 បានបញ្ជាក់ថាដូនជីកាតូលិកម្នាក់នោះ បានលុតជង្គង់សុំអង្វរយោធាមីយ៉ានម៉ា ថាកុំឱ្យបាញ់សម្លាប់លើក្រុមបាតុករតទៅទៀត «ពិសេសគឺកុមារ» ហើយប្រាប់យោធាថា «បើចង់បាញ់បាញ់ខ្លួនមកចុះ» ។ ក្រោយពីរូបភាពនិងវីដេអូ នៃការលុតជង្គងនេះបានកើតឡើងនិងចែកចាយលើបណ្តាញសង្គម បានធ្វើឱ្យមហាជន ពិសេសអ្នកកាន់សាសនាកាតូលិក មានការរន្ធត់ចិត្តយ៉ាងខ្លាំង ពិសេសគឺកំពុងតែបារម្ភពីស្ថានភាពនៅក្នុងប្រទេសមីយ៉ានម៉ា។
សូមបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបង្ក្រាប និងបង្កឲ្យមនុស្សស្លាប់ជាង ៥០នាក់ គិតចាប់តាំងពីការកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលអន្តរជាតិហៅថា ជារដ្ឋប្រហារយោធានោះ។ បើតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្សវិញ មនុស្សជិត ១,៨០០នាក់ហើយ ត្រូវបានចាប់ខ្លួនអាជ្ញាធរយោធាមីយ៉ាន់ម៉ា៕PP