រដ្ឋបាល ជលផលប្រកាសជូនដំណឹងដល់បងប្អូន ដែលចង់ទិញត្រីធ្វើ ប្រហុក ផ្អក សូមអញ្ជើញរួសរាន់ ព្រោះត្រីចាប់ផ្តើមត្រូវហើយ .....
ភ្នំពេញៈ រដ្ឋបាល ជលផលសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋមានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ រូតរះទៅរកទិញត្រីតាមគន្លងដាយនេសាទត្រីក្នុងដងទន្លេសាប នៅក្នុងភូមិសាស្ត្រ រាជធានី ភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៦ ខែធ្នូ ដែលជាថ្ងៃ ចាប់បានត្រីច្រើន ។
រដ្ឋបាល ជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីថ្ងៃទី ១៥ ធ្នូ បាន ជូនដំណឹងដល់សាធារណជនថា ក្នុងរដូវវស្សាឆ្នាំ ២០២០-២០២១ នេះ បន្ទាប់ពីបានធ្វើ ការសង្កេតតាមដានលើកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបរួចឃើញថា គន្លងដោយ នៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និង ខេត្តកណ្តាល អាចនេសាទត្រី បានច្រើននៅក្នុងខែបុស្ស នេះគឺចាប់ពីថ្ងៃ ៦ កើត ដល់ ថ្ងៃ ១២ កើត ត្រូវ នឹង ថ្ងៃទី ២០ រហូតដល់ ថ្ងៃទី ២៦ ខែធ្នូ ប្រសិនបើមេឃស្រឡះល្អគ្មានភ្លៀងកក់ខែ ឬ ទទួលរង ឥទ្ធិពលព្យុះ ។
ក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ។ ល ។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះឱ្យបានរួសរាន់តាមពេលវេលា និង ទីកន្លែងដូច បានជម្រាបជូនខាងលើ ៕