ឪពុកចុងចាប់រំលោភកូនប្ដីដើម ២នាក់បងប្អូន តាំងពីកូនបងអាយុ៩ឆ្នាំ រហូតដល់អាយុ១៣ឆ្នាំ ទើបបែកការណ៍
ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកសង្គមថ្មី ចុះទៅចាប់ឃាត់ខ្លួន ជនសង្ស័យជាឪពុកចុងតិរច្ឆានម្នាក់នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ករណីចាប់រំលោភកូនប្ដីដើម២នាក់បងប្អូន តាំងនាងបងអាយុ៩ឆ្នាំ រហូតដល់អាយុ១៣ឆ្នាំ។
ឪពុកចុងតិរច្ឆាននោះឈ្មោះ ក្អើយ ប៊ឿ ររស់នៅភូមិឃុំខាងលើ។ ចំណែកកុមារីរងគ្រោះទាំងពីរនាក់បងប្អូន បងឈ្មោះ ម.ស.ន និងប្អូនឈ្មោះ ម.ហ.ណ ។
កុមារីរងគ្រោះជាបងបានឱ្យដឹងថា ឪពុកចុងបានចាប់រំលោភសេពសន្ថវៈទៅលើពួកនាង តាំងពីនាងមានអាយុ៩ឆ្នាំ និងគំរាមសម្លាប់ពួកនាង មិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាដឹងឱ្យសោះ បើបែកការណ៍ គាត់នឹងសម្លាប់ពួកនាងចោល។
លុះនាងមានអាយុ១៣ឆ្នាំ ដោយសារតែនាងទ្រាំពុំបានពីការធ្វើបាបពីឪពុកចុងនេះ និងភ័យខ្លាចការគំរាមសម្លាប់ផង ទើបនាងបានរត់ទៅផ្ទះយាយ និងប្រាប់យាយពីទង្វើឪពុកចុងដែលបានចាប់រំលោភពួកនាង ហើយយាយនាងក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យជាឪពុកចុងតិរច្ឆាន យកទៅផ្ដន្ទាទោសតាមច្បាប់៕