នាយកដ្ឋានព័ត៌មានវិទ្យាបានបង្ហាញពីវិធីការពារខ្លួនពីបច្ចេកទេស Phishing ពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលមានខ្លឹមសារដូចខាងក្រោម ៖ កន្លងមកក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញថាបណ្តាបទល្មើសបច្ចេកវិទ្យាមួយចំនួនធំ តួយ៉ាងការលួចគណនីអុីនធឺណេត ការឆ្លងមេរោគ ការធ្វើចារកម្មជំនួញ ឬបុគ្គល ភាគច្រើនកើតឡើងដោយការចាញ់បញ្ឆោតនៃបច្ចេកទេស Phishing ពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា។Phishing គឺបច្ចេកទេសឆបោកលួចយកព័ត៌មាន ដូចជា លេខ Credit Card ឬលេខសម្ងាត់គណនី ហើយពេលខ្លះឧក្រិដ្ឋជនក៏ប្រើប្រាស់វិធីសាស្ត្រមួយនេះ ដើម្បីចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់ជនរងគ្រោះផងដែរ។ ក្នុងប្រតិបត្តិការ Phishing ឧក្រិដ្ឋជនបានប្រើប្រាស់ វិស្វកម្មបណ្តាញសង្គម (Social Engineering) ជាជំនួយក្នុងបច្ចេកទេសឆបោករបស់ខ្លួន។បច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ត្រូវបានប្រើប្រាស់ក្នុងគោលបំណងលួងលោម ធ្វើឲ្យជនរងគ្រោះជឿទុកចិត្ត និងផ្តល់ព័ត៌មាន បើកមើលសារអេឡិចត្រូនិក ចុចលើតំណភ្ជាប់ផ្សេងៗ ឬ ចុលលើ File មេរោគ ជាដើម។ដើម្បីការពារខ្លួនពីបច្ចេកទេស Phishing អ្នកត្រូវអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖
- បញ្ជាក់សាវតា និងគោលបំណងនៃសារអេឡិចត្រូនិកមុនពេលឆ្លើយតប
- ធ្វើការពិនិត្យតំណភ្ជាប់ តើជាគេហទំព័រពិតប្រាកដ ឬក្លែងបន្លំ
- ត្រួតពិនិត្យឯកសារភ្ជាប់ (Attachment) មុនពេលទាញយក ឬចុច (Click)
- មិនត្រូវផ្តល់លេខសម្ងាត់ ឬលេខ Credit Card ឲ្យអ្នកដ៏ទៃ
- ត្រូវដម្លើងកម្មវិធីកម្ចាត់មេរោគ និង Anti-Phishing ក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់លោកអ្នក។