ខ្មែរយើងតើ! ស្ត្រីខ្មែរ១រូប ក្លាយជាផ្នែកដ៏សំខាន់នៃបេសកកម្មរបស់អង្គការ NASA ក្នុងការសិក្សាពីភពអង្គារ
អាមេរិក៖ លោកស្រី នី ស៊ូអរគុណ (Ny Sou Okun) ដែលឪពុកម្ដាយរបស់គាត់ ជាជនជាតិខ្មែរ បានទៅរស់នៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៤ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងបេសកកម្មរបស់ទីភ្នាក់ងារអវកាសណាសា (NASA) របស់សហរដ្ឋអាមេរិក ដើម្បីសិក្សាពីភពអង្គារ។
លោកស្រី នី ស៊ូអរគុណ និងស្វាមី មានកូនប្រុសចំនួន ២នាក់។ លោកស្រីបានសិក្សាពីសាកលវិទ្យាល័យអាមេរិក ជំនាញវិស្វកម្មបច្ចេកទេស និងចូលរួមការងារជាមួយទីភ្នាក់ងារអវកាសណាសា ផ្នែកមន្ទីរពិសោធន៍ម៉ាស៊ីន កាលពីឆ្នាំ២០១៦។ មួយឆ្នាំក្រោយមក គាត់បានចូលរួមជាមួយក្រុមការងារបេសកកម្មយានអវកាស "Perseverance” ដោយគាត់កាន់ការងារផ្នែកក្បាលរបស់រ៉ូបូត ដែលត្រូវបានបញ្ជូនទៅកាន់ភពអង្គារនាពេលថ្មីៗកន្លងទៅ។
លោកស្រី ត្រូវបានរួមចំណែកក្នុងការបង្កើតក្បាលរ៉ូបូត បំពាក់កាមេរ៉ាចំនួន០៥គ្រាប់ ក្នុងនោះ កាមេរ៉ា ២គ្រាប់សម្រាប់ជំនួយការបម្លាស់ទីរបស់រ៉ូបូត, កាមេរ៉ា ២គ្រាប់សម្រាប់ថត 3D និងកាមេរ៉ា ១គ្រាប់សម្រាប់ជំនួយប្រព័ន្ធកាំរស្មីឡាស៊ែរបាញ់ទម្លុះថ្មនិងដី ដើម្បីសិក្សាវិភាគសារធាតុគីមី នៅលើភពអង្គារ។ ក្បាលរ៉ូបូតនេះ អាចបញ្ជាពីផែនដី។
សូមជម្រាបថា បេសកកម្ម "Perseverance" របស់អង្គការណាសា បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះតាមគ្រាប់រ៉ុកកែត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ចេញពីសហរដ្ឋអាមេរិក ហើយយានរ៉ូបូត Perseverance គ្រោងទៅដល់ភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕ RR