ស្តេចប្រដាល់អាស៊ី Manny Pacquiao និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានក្លាយជាប្រធានគណបក្សកាន់អំណាចហ្វីលីពីន PDP-Laban។ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក៏ជាសមាជិកបក្ស PDP-Laban ដែរ។ដែលទាំងនេះជាមូលហេតុដែលអាចធ្វើឱ្យស្តេចប្រដាល់រូបនេះ មានលទ្ធភាពច្រើនក្នុងការក្លាយជាប្រធានបក្សកាន់អំណាចហ្វីលីពីន។

ស្តេចប្រដាល់វ័យ ៤១ឆ្នាំ ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីនស្រាប់នោះ ក៏ត្រូវគេជឿថា អាចកាន់កាប់តំណែងជាអ្នកដឹកនាំប្រទេសកំណើតរបស់ខ្លួន ខណៈរូបគេត្រូវបានប្រជាជនចាត់ទុកថាជាវីរបុរសរបស់ជាតិទៅហើយនោះ។

ស្តេចប្រដាល់Pacquiao បាននិយាយបន្ទាប់ពីឡើងកាន់តំណែងនេះនៅថ្ងៃទី២ ខែធ្នូថា៖ «ទទួលបានឱកាសដ៏កម្រក្នុងការដឹកនាំ PDP-Laban ជាកិត្តិយស និងការទទួលខុសត្រូវដ៏ធំធេង។ ខ្ញុំសូមអរគុណដល់ព្រះ ហើយខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាសម្រាប់តួនាទីដែលអ្នកបានប្រគល់ឲ្យខ្ញុំឡើយ»។«យើងគួរផ្តោតលើការជួយដល់ប្រទេសក្រីក្រ អ្នកក្រីក្ររបស់ និងអ្នកដែលគ្មានទីជំរករបស់យើងវិញ។ ការបោះឆ្នោតនៅមានរយៈពេលវែងឆ្ងាយទៀត កុំនិយាយពីវាអី!»។

ការឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីនហាក់កើនសន្ទុះខ្លាំងកាលពីខែមិថុនា នៅពេលដែលអតីតភ្នាក់ងារប្រដាល់របស់ Pacquiao លោក Bob Arum បានប្រកាសនៅក្នុងបទសម្ភាសមួយថាអ្នកប្រដាល់វ័យ ៤១ ឆ្នាំរូបនេះបានប្រាប់លោកថានឹងក្លាយជាបេក្ខជនប្រធានាធិបតីនៅឆ្នាំ ២០២២។

គួរបញ្ជាក់ថា Many Pacquiao មានប្រវត្តិប្រកួត ៧១ដង ឈ្នះ៦២ ចាញ់៧ និងស្មើ២ ក្នុងនោះផ្តួលដៃគូមិនឲ្យតដៃរួចចំនួន៣៩លើក បានចូលរួមជាសមាជិកព្រឹទ្ធសភាហ្វីលីពីនចាប់តាំងពីឆ្នាំ ២០១៦មក។ សម្រាប់តំណែង អនុប្រធាន PDP-Laban គឺលោក Lord Allan Velasco ដែលជាប្រធានសភាហ្វីលីពីនបច្ចុប្បន្ន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ