ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន ដែលបានរៀបចំរបាយការណ៍ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេស ថ្លែងអំណរគុណក្រុមការងារដឹកនាំ ដោយលោក សក់ សេដ្ឋា ដែលបានរៀបចំរបាយការណ៍ទាំងនោះដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ។
បន្ទាប់មក នាយឧត្តមសេនីយ៍ ប៉ោង ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ស្ដីអំពីដំណើរការរៀបចំខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាត មុននឹងសម្ដេចបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើចំណុចសំខាន់ៗពាក់ព័ន្ធនឹងសេចក្ដីព្រាងរបៀបវារៈសន្និបាត និងកិច្ចការសំខាន់ៗមួយចំនួនទៀត ៕