អេស៉្បាញ៖ កីឡាករ LionelMessi រកបានគ្រាប់ទី៧០០ក្នុងអាជីពបាល់ទាត់របស់ខ្លួនពេលប៉ះក្លិប AtleticoMadrid កាលពីយប់មិញប៉ុន្តែមិនអាចជួយឲ្យ Barcelona បាន៣ពិន្ទុនោះទេពោលគឺបានត្រឹមស្មើគ្នា២ទល់នឹង២។

នៅក្នុងការប្រកួតនោះដែរក្លិប Barca មានឱកាសនាំមុខមុនដោយកីឡាករ Diago Costa របស់ At Madrid ជាអ្នកឲ្យការដូមួយគ្រាប់ដោយស៊ុតចូលទីខ្លួនឯងនៅនាទីទី១១ ក្រោយការលើកបាល់ជ្រុងពី Messi ។ ក្នុងតង់ទី១នេះដូចគ្នាក្លិប At Madrid ក៏បានរក១គ្រាប់វិញតាមស្មើដោយបាល់ប៉េណាល់ទីរបស់កីឡាករ Saul នៅនាទីទី១៩ ក្រោយកីឡាករ Vidal ធ្វើឲ្យ Carrasco ដួលក្នុងតំបន់គ្រោះថ្នាក់។

ឈានចូលដល់តង់ទី២ កីឡាករ Lionel Messi ក៏មានឱកាសរកគ្រាប់នាំមុខដោយស៊ុតបាល់ប៉េណាល់ទីយ៉ាងស្អាតនៅនាទីទី៥០ មុនពេលដែល At Madrid តាមស្មើដោយបាល់ប៉េណាល់ទីដូចគ្នានៅនាទីទី៦២ដោយកីឡាករ Saul ដដែល។

ងាកមកមើលស្ថិតិនៅក្នុងការប្រកួតនេះវិញគឺ Barcelona គ្រប់គ្រងបាល់បានរហូតដល់ទៅ៧២%ឯណោះ ដោយស៊ុតបាន១២ជើង ចំគោយដៅ៥ដង ចំណែកក្លិប At Madrid វិញគ្រប់គ្រងបាល់បានតែ២៨%ប៉ុណ្ណោះ ប៉ុន្តែស៊ុតបានប្រហាក់ប្រហែលនឹង Barcelona ដែរពោលគឺបាន៩ជើង ចំគោលដៅ៣ដង។

គួរបញ្ជាក់ផងដែរថា ក្រោយចប់ការប្រកួតនេះ Barca រកបាន១ពិន្ទុបន្ថែមឈរពីក្រោម Real Madrid ១ពិន្ទុប៉ុន្តែ ក្រុមលោក Zidane នៅសល់១ប្រកួតទៀតក្នុងដៃ មានន័យថាប្រសិនបើ Real ឈ្នះការប្រកួតនៅថ្ងៃសុក្រ នោះក្លិបមួយនោះនឹងវ៉ាដាច់ Barcelona ចំនួន៤ពិន្ទុ។ ចំណែកឯ At Madrid វិញបន្តឈរនៅលេខ៣មាន៥៩ពិន្ទុតាមពីក្រោយ Barca រហូតដល់ទៅ១១ពិន្ទុឯណោះ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ