បើយោងតាមប្រភព SportBibel បានរាយការណ៍ថា Alphonso Davies កំពុងធ្វើឲ្យពិភពលោកនិងយុវជនឯទៀតឃើញថា ការខិតខំប្រឹងប្រែងនិងឆន្ទៈដ៏មោះមុតពិតជាអាចសម្រេចនូវក្តីស្រមៃយ៉ាងពិតប្រាកដ។

មុនឈានមកដល់ចំណុចនេះ តើអ្នកដឹងទេថា Davies ធ្លាប់ឆ្លងកាត់ការលំបាកបែបណាខ្លះ?

កីឡាករវ័យ ១៩ ឆ្នាំ ទើបតែប្រែក្លាយជាកីឡាករកាណាដាដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលបានឈ្នះពាន UEFA Champions League ហើយក៏ទទួលបានការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់នាយករដ្ឋមន្រ្តីប្រចាំផ្ទៃប្រទេសផងដែរ។ 

កីឡាករខ្សែការពារវ័យក្មេងរបស់ក្រុម Bayer Munich  Alphonso Davies កើតនៅថ្ងៃទី ២ វិច្ឆិកា ឆ្នាំ ២០០០ មានឪពុកម្តាយជាជនជាតិលីបេរីយ៉ា ដោយកាលពីនៅក្មេង គេធ្លាប់រស់នៅក្នុងជំរុំជនភៀសខ្លួនរបស់ហ្គាណា ក្រោយរត់គេចពីសង្រ្គាមស៊ីវិល ហើយបានផ្លាស់មករស់នៅក្នុងទីក្រុង Edmonton ខេត្ត Alberta ប្រទេសកាណាដានៅអាយុ ៥ ឆ្នាំ។

ក្មេងប្រុសស្បែកខ្មៅរូបនេះ ត្រូវបានគេស្គាល់ថាជាក្មេងដែលមានទេពកោសល្យជាមួយវិស័យបាល់ទាត់មួយរូប ដោយគេបានចូលរួមលេងនៅថ្នាលយុវជនក្នុងទីក្រុងកំណើត រហូតដល់អាយុ ១៤ ឆ្នាំ ត្រូវបានក្លឹប Vancouver Whitecaps ដែលជាក្លឹបអាជីពមួយ ចុះហត្ថលេខាយករូបគេទៅបន្តអភិវឌ្ឍខ្លួន ហើយរំលងមួយឆ្នាំបន្ទាប់គេបាននហោះទៅលេងនៅលីគលំដាប់ទី ២ USL ក្នុងទឹកដីសហរដ្ឋអាមេរិក មុនវិវត្តខ្លួនឡើងមកកាន់លីគលំដាប់ទី ១ MLS នាមជាកីឡាករវ័យក្មេងបំផុតផងដែរ។

ទន្ទឹមនេះ សមត្ថភាពលេងរបស់ Davies នៅតែបន្តកើនឡើងឥតឈប់ឈរ ជាហេតុនាំឲ្យមានក្លឹបនៅតំបន់អឺរ៉ុបចាប់ផ្តើមសម្លឹងឃើញរូបគេជាបណ្តើរៗ ហើយនាពេលចុងក្រោយនៅខែមករា ឆ្នាំ ២០១៩ ក្លឹប Bayern Munich របស់អាល្លឺម៉ង់ក៏បានទម្លាក់លុយ ១០ លានអឺរ៉ូ នាំយក Davies មកចូលរួមនៅក្លឹបរបស់ខ្លួន។

យ៉ាងណាមិញ ត្រឹមរយៈពេលជាងមួយឆ្នាំ អតីតក្មេងធ្លាប់រត់គេចពីសង្រ្គាមស៊ីវិលរូបនេះ បានវិវត្តខ្លួនក្លាយជាខ្សែការពារស្លាបឆ្វេងដ៏ល្អមួយរូប ហើយចំណុចខ្លាំងរបស់គេ គឺល្បឿន និងបច្ចេកទេសញាក់បាល់។ នៅរដូវកាល ២០១៩/២០ គេបានក្លាយជាកីឡាករសកម្មរបស់ Bayern បង្ហាញខ្លួន ៤៦ ប្រកួត និងជាចំណែកដ៏សំខាន់ដែលជួយឲ្យក្រុមឈ្នះពាន UCL និងពាន ៣/រដូវកាល ក្រោមការដឹកនាំរបស់លោក Hansi Flick។

គួរដឹងផងដែរថា Davies សប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹម នឹងជ័យជម្នះដ៏ធំធេងមួយនេះ ហើយគេក៏បានបង្ហោះសារលើកទឹកចិត្តនិងជំរុញដល់យុវជនក្រោយៗ ដោយសរសេរថា៖ “គ្រប់គ្នាដែលកំពុងចង់សម្រេចក្តីស្រមៃ កុំបោះបង់វាឲ្យសោះ ទោះបើគិតថាមិនអាចទៅរួចនៅពេលនេះក៏ដោយ ហើយត្រឹមខិតខំប្រឹងប្រែងបន្តទៀត ដូចខ្ញុំតើនរណាអាចទស្សន៍ទាយបាននោះ ពីក្មេងដែលមកពីទីក្រុង Edmonton ប្រហែលមានមនុស្សជាច្រើនមិនស្គាល់ពីវា តែពេលនេះគេក្លាយជាអ្នកឈ្នះជើងឯក Champions League”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ