ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរឃុំ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយទុក្ខកង្វល់ បញ្ហាប្រឈម និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ។ 

ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តបាត់ដំបង នាថ្ងៃទី១៦ កុម្ភៈ សម្ដេច ស ខេង មានប្រសាសន៍ថា  «អាជ្ញាធរឃុំ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយទុក្ខកង្វល់ ឬបញ្ហាប្រឈម និងការលំបាកផ្សេងៗ ព្រមទាំងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងកិច្ចការផ្សេងៗទៀត»។

សម្ដេច  បានបន្តថា  សម្រាប់ការសាងសង់ផ្លូវ គឺឃុំនីមួយៗសុទ្ធតែទទួលបានថវិកាដើម្បីអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ។ សម្ដេច ថា ឃុំក៏មានតួនាផ្ដល់ការងារសេវាអត្តសញ្ញាណកម្មផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។ តាមយៈការឡើងថ្លែងបញ្ចេញមតិយោបល់ នាឱកាសនោះ សម្ដេច ស ខេង បានទទួលនូវសំណើរ និងសំណូមសំពរមួយចំនួនពីតំណាងប្រជាពលរដ្ឋ ក្នុងនោះរួមមានពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់ ការដឹកជញ្ជូនដី ការថែទាំបរិស្ថាន និងការលើកម្ពស់តំបន់ទេសចរណ៍ក្នុងស្រុកបាណន់។

សម្ដេច  បានសម្ដែងការគាំទ្រចំពោះមតិយោបល់ទាំងនោះ និងបានណែនាំភ្លាមៗឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកសិក្សាដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ