ប្រមុខក្រសួងមហាផ្ទៃកម្ពុជា អបអរសាទរលោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក រឿង ក្វាង បាក់ ដឹកនាំសហការីចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃអង្គារទី៨ ខែមេសា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការសាទរចំពោះលោកវរសេនីយ៍ឯក ដែលទទួលមុខតំណែងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម។
លោកវរសេនីយ៍ឯក បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ដែលជានិច្ចកាលបានផ្តល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជាក្នុងបុព្វហេតុរួម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។
លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និយាយជារួមរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក។
ក្នុងជំនួបនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខ ចំពោះ លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងនគរបាលវៀតណាម៕