អភិបាលក្រុងសេអ៊ូល លោក Park Won Sung ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាបេក្ខភាពប្រធានាធិបតី សម្រាប់អាណត្តិក្រោយ ត្រូវបានគេរកឃើញស្លាប់ នៅលើភ្នំ ជិតកន្លែងលោកស្នាក់នៅ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី១០ ខែកក្កដា។តាមសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង សាកសពត្រូវបានរកឃើញនៅភ្នំ Bugak។ ការស្លាប់របស់លោកPark Won Sung ត្រូវបានគេចាត់ទុកថាជាការធ្វើអត្តឃាត ហើយប៉ូលិសកំពុងតែបើកការស្រាវជ្រាវ ដល់ការស្លាប់របស់លោក។

នៅរសៀលថ្ងៃទី១០ ខែកក្កដានេះ លេខារបស់លោកPark Won Sung បានសម្រេចប្រកាសលិខិតដែល លោកPark Won Sung បានបន្សល់ទុកនៅលើតុធ្វើការរបស់លោក។

នៅក្នុងលិខិតនោះបានសរសេរថា«ខ្ញុំសុំទោសអ្នកទាំងអស់គ្នា  ខ្ញុំសូមអរគុណដល់អ្នកគ្រប់គ្នា ដែលបានរស់នៅជាមួយខ្ញុំក្នុងជីវិតនេះ ខ្ញុំមានអារម្មណ៍ថាមានកំហុសជាមួយគ្រួសារខ្លាំងណាស់ ដែលខ្ញុំជាមនុស្សនាំមកក្តីឈឺចាប់ដល់ពួកគត់»។

នៅក្នុងលិខិតនោះបានសរសេរទៀតថាគោលបំណងរបស់លោកគឺចង់ឲ្យបូជាសព ហើយយកផេះ ឆ្អឹង ទៅបាចនៅលើផ្នូរឪពុកម្តាយរបស់គាត់។«លាហើយអ្នកទាំងអស់គ្នា»។ ចំណែកសារដែលលោក ផ្ញើទៅកាន់កូនស្រី មិនត្រូវបានលាតត្រដាងជាសាធារណៈនោះឡើយ ដោយសារតែជារឿងផ្ទាល់ខ្លួនក្នុងគ្រួសារ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ